ប្រែសម្រួល៖ រតនា
យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារលើផ្នែកជាច្រើននៃប្រទេសលីបង់ពេញមួយយប់ ដោយបន្តការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសក្នុងរយៈពេលជិតពីរទសវត្សរ៍។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡាហ៍ចំនួន ២០០ ពេញមួយយប់ក្នុងទឹកដីលីបង់ រួមទាំងនៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ កន្លែងផ្ទុកអាវុធ និងប៉ុស្តិ៍សង្កេតការណ៍នៅភាគខាងត្បូងប្រទេសលីបង់។
IDF បាននិយាយថា កងកម្លាំងអាកាសអ៊ីស្រាអែល “បានវាយប្រហារយ៉ាងជាក់លាក់” អគារក្រុងមួយក្នុងទីក្រុង Bint Jbeil ភាគខាងត្បូងប្រទេសលីបង់ ដែលវាបាននិយាយថា ពួកសកម្មប្រយុទ្ធ Hezbollah កំពុងប្រតិបត្តិការ និងជាកន្លែងដែល “អាវុធ Hezbollah បរិមាណដ៏ច្រើន” ត្រូវបានរក្សាទុកនៅក្នុងអគារនោះ។ គេបាននិយាយថា វាបានសម្លាប់អ្នកប្រយុទ្ធ Hezbollah ១៥នាក់។
NNA គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសលីបង់បាននិយាយថា ជនជាតិអេត្យូពីពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលើសង្កាត់ឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Tyre ។ គេក៏បាននិយាយថា Bint Jbeil ត្រូវបានគេកំណត់គោលដៅ។
NNA បាននិយាយថា ការវាយប្រហារតាមអាកាសជាងដប់មួយក៏ត្រូវបានរាយការណ៍ផងដែរនៅលើជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលត្រូវបានកំណត់គោលដៅដោយ “ការឈ្លានពានពីលើអាកាស” និង “យន្តហោះចម្បាំង” ។ យោធាអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីដែលជាទីតាំងរឹងមាំរបស់ក្រុមហេសបូឡា។
យោងតាម IDF បានឱ្យដឹងថា វាបានកើតឡើងនៅពេលដែលកាំជ្រួចប្រហែល 25 គ្រាប់ ហើយយន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីប្រទេសលីបង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ គេបាននិយាយថាគ្មានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ៕