ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត អភិបាលក្រុងសិរីសោភ័ណ ចៅសង្កាត់ព្រះពន្លា និងមន្ត្រីពាក់ព័ន្ធកាលពីរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៤៧គ្រួសារដែលមានលំនៅឋាននិងរស់នៅអចិន្ត្រៃយ៍នៅមាត់ស្ទឹងសិរីសោភ័ណចំណុចច្រាំងខាងលិចចន្លោះសួនតេជោសន្តិភាពនិងសួនច្បារថ្មីទៅគល់ស្ពានវត្តព្រះពន្លានៃភូមិ៣និងភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្រោមការសម្របសម្រួលពីមន្ត្រីនិងអ្នកពាក់ព័ន្ធ ពលរដ្ឋទាំងនេះព្រមប្តូរនិង រុះរើលំនៅឋានស្ថិតនៅក្នុងទឹកមាត់ស្ទឹងដែលមិនរៀបរយនិងអាជ្ញាធរមានសមត្ថកិច្ចមិនអនុញ្ញាតប្រវែងប្រមាណ២៥០ម ហើយទៅទទួលយកដីរបបគោលនយោបាយទំហំ៤មគុណ១២មស្ថិតនៅក្បែរគ្នានោះ ដែលមានប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុ(ប្លងរឹង) ។ អាជ្ញាធរត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសមស្របដូចជា ផ្លូវបេតុង លូទឹកកខ្វក់ បណ្តាញអគ្គិសនី សេវាសុខភាព សន្តិសុខជាដើមផងដែរ។
ជាមួយនោះគឺប្រគល់ទីតាំងជូនអាជ្ញាធរខេត្តអភិវឌ្ឍន៍សួនច្បារមាត់ស្ទឹងបន្តដើម្បីកែលម្អសោភ័ណភាពក្រុង ក៏ដូចជាអោយពលរដ្ឋមានកន្លែងបន្ថែមសម្រាប់ដើរលេងកម្សាន្ត ហាត់ប្រាណលើកកម្ពស់សុខភាពនិងគុណវុឌ្ឍន៍នៃជីវិត ។
លោកអ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលសហការនិងព្រមព្រៀងផ្តិតមេដៃលើបែបបទរបស់អាជ្ញាធរមានសមត្ថកិច្ចដូចន័យខាងលើហើយក៏ថ្លែងអំណរគុណដល់មន្ត្រីក្រុមការងារដែលមានការចរចាសម្របសម្រួល ឈានដល់បានលទ្ធផលល្អដូច្នេះ ។
សូមរំលឹកថា នៅគោលដៅនោះ មានការសាងសង់២ផ្នែក :ទី១-សួនតេជោសន្តិភាពសាងសង់លើផ្ទៃដី៣០គុណ២៦ម៉ែត្រនិងសាងសង់ស្តូបធ្វើពីបេតុង ថ្មកំពស់៩.៣៣ម៉ែត្រ អមដោយសួនច្បារ។
គម្រោងនេះត្រូវប្រើប្រាសថវិការបស់ក្រុមគ្រួសារលោកអ៊ុំរាត្រី អភិបាលខេត្តផ្ទាល់ និងទី២- សួនច្បារថ្មីមាត់ស្ទឹងព្រះពន្លាលើផ្ទៃដីមានប្រវែង២៥០ម៉ែត្រ ដែលក្នុងនោះមាន :
ដងស្ទឹងព្រះពន្លា ក្នុងនោះមាន គ្រប់ដណ្តប់លើសួនតេជោសន្តិភាព ,ការ៉ូឡា៣០គុណ៦០ ,បង្គោលភ្លើង,ដើមឈើ១ប្រឡោះ៨ដើម,ស្មៅ,ដើមក្ងោក,រីហ្ការ,ចំណតឡាន ម៉ូតូ,ផ្លូវកង់និងផ្លូវបេតុង ។
គម្រោងនេះ ប្រើប្រាសថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០២៤ ។
គម្រោងទាំងពីរមានវឌ្ឍនភាពបានបានច្រើន ។
ហើយនៅជាប់គ្នានោះ ការកសាងផ្លូវបេតុងនិងហេដ្ឋារចនាសម្ព័ន្ធសោភ័ណភាពលម្អក្រុងប្របមាត់ស្ទឹងសិរីសោភ័ណត្រើយខាងលិចពីចំណុចរបងវត្តចមសទ្ធាវាសស្ថិតនៅភូមិ១មកគល់ស្ពានបេតុងសម្តេចតេជោហ៊ុន សែន ភូមិ៣សង្កាត់ព្រះពន្លា ក៏បានប្រែមុខមាត់ថ្មីគួរអោយមោទនភាពផងដែរ ៕