ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ មនុស្សចំនួន បួន នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក គឺជិះម៉ូតូមិនព្រមពាក់មួកសុវត្ថិភាព នៅទីតាំងផ្សេងគ្នាក្នុងខេត្តត្បូងឃ្មុំរយៈពេលតែមួយថ្ងៃទី ៣០ កញ្ញាកន្លងទៅ។
មន្រ្តី នៃរដ្ឋបាលខេត្តត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើកទី១ បានកើតឡើងនៅម៉ោងប្រហែលជាង ៨ ព្រឹកថ្ងៃទី៣០ កញ្ញា បានបណ្តាលឱ្យបុរសជិះម៉ូតូឌុបគ្នាចំនួនពីរ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុលើកំណាត់ផ្លូវជាតិលេខ ៧១ C ស្ថិតក្នុងភូមិល្វាតូច ឃុ គរ ស្រុកត្បូងឃ្មុំ។
ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ គ្រោះថ្នាក់នេះបានកើតឡើងរវាងខាងជនរងគ្រោះ ដែលបានស្លាប់អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JQ-3351 បើកបរដោយឈ្មោះ ណាង ផានិត អាយុ ៣០ ឆ្នាំមានទីលំនៅភូមិកើតហេតុ បានឌុបឈ្មោះ គក់ ឈីត អាយុ ៣០ ឆ្នាំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ បង្កជាមួយរថយន្តម៉ាកព្រុសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CA-5994 បើកបរដោយបុរសឈ្មោះ ឡេង ដារិទ្ធ អាយុ ២៥ ឆ្នាំមានទីលំនៅភូមិស្រែប្រាំង ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ប្រភពដដែលបានបន្ថែមថា៖ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍លើកទី២ បានកើតឡើងនៅលើផ្លូវជាតិលេខ១១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៣/៧៤ ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ កាលពីម៉ោងជាង២ រសៀលថ្ងៃទី ៣០ កញ្ញា រវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យស្លាប់បុរសជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FZ-3285ឈ្មោះ គ្រើន ប៊ុនថៃ អាយុ ២១ ឆ្នាំពេលបញ្ជូនដល់មន្ទីរពេទ្យ និងមានទីលំនៅឃុំគងជ័យ ស្រុកអូរាំងឪ បានឌុបបុរសឈ្មោះ គ្រើន រដ្ឋា អាយុ ២៩ ឆ្នាំមានទីលំនៅជាមួយគ្នារងរបួសធ្ងន់។
ប្រភពបានបន្តថា៖ បង្កជាមួយម៉ូតូម៉ាកយ៉ាម៉ាហាអ៊ិចសិនធ័រ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសឈ្មោះ តឿន រិទ្ធី អាយុ ២១ ឆ្នំា ស្លាប់នៅនឹងកន្លែងដែលមានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ៕