ព័ត៌មានជាតិ

ក្រុមហ៊ុនសម្អាតអនាម័យក្រុងអះអាងពីការប្រមូលនិងដឹកជញ្ជូនសំរាមមិនឲ្យរាំងស្ទះ

កំពត÷ ក្រុមហ៊ុនសម្អាតអនាម័យក្រុងកំពតបានអះអាងពីការប្រមូល និងដឹកសំរាមចេញមិនឲ្យរាំងស្ទះទោះឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌអាចនឹងមានភ្ញៀវមកកម្សាន្តកុះករក្តី។ អាជ្ញាធរក្រុងកំពតជំរុញដល់ក្រុមហ៊ុនគិតគូរពីនិរន្តរភាពនៃសោភ័ណភាព និងអំពាវនាវដល់ពលរដ្ឋក្នុងក្រុង និងភ្ញៀវទេសចរជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោក សួន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនកំពតហ្គ្រីនបានប្រាប់ឲ្យដឹងថា ដោយក្តីរំពឹងថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនឹងមានភ្ញៀវមកលេងច្រើន ក្រុមហ៊ុនរបស់លោកបានត្រៀម និងតាំងចិត្តមិនឲ្យការប្រមូល និងដឹកជញ្ជូនសំរាមចេញរាំងស្ទះទេ។ រៀងរាល់ពិធីបុណ្យធំៗ បុគ្គលិក កម្មករតែងយោគយល់ដល់ក្រុមហ៊ុនគឺមិនបានសុំច្បាប់សម្រាកដោយពួកគាត់នៅចាំសម្អាតទាំងយប់ធ្វើយ៉ាងណាមិនឲ្យសំរាមបន្សល់ទុករហូតដល់ភ្លឺឡើយ។

ប៉ុន្តែ ពួកគាត់នឹងបានសម្រាកឆ្លាស់គ្នាក្រោយថ្ងៃបុណ្យទានជាជំនួសវិញ។ លោកនាយកក្រុមហ៊ុនបានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាសោភ័ណភាព លោកម៉ៅ ធនិន អភិបាលខេត្តកំពតតែងបានណែនាំដល់ក្រុមហ៊ុនឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ព្រោះខេត្តកំពតជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ភ្ញៀវជិតឆ្ងាយ។ ដូច្នេះ ក្រុមហ៊ុនកំពតហ្គ្រីននឹងខិតខំសម្អាតអនាម័យដើម្បីបំពេញបំណងភ្ញៀវឲ្យស័ក្តិសមនឹងគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្តដែលបានស្ថាបនាសមិទ្ធផលទេសចរណ៍នានាលេចចេញរូបរាងជាបន្តបន្ទាប់នោះ។

លោក អែត សារិទ្ធ អភិបាលរងក្រុងកំពតបានបញ្ជាក់ថា អាជ្ញាធរក្រុងតែងតាមដាន និងឃ្លាំមើលជាប្រចាំរាល់សកម្មភាពសម្អាតអនាម័យរបស់ក្រុមហ៊ុនកំពតហ្គ្រីន។ ជាការកត់សម្គាល់ កម្មកររបស់ក្រុមហ៊ុនបានខិតខំសម្អាតអនាម័យទាំងនៅតាមដងផ្លូវ ឆ្នេរព្រែក ទីកម្សាន្តសាធារណ: ពិសេសការប្រមូលសំរាមទាំងនៅលើគោក និងក្នុងទឹកនាបរិវេណរូបសំណាកត្រីសេះសមុទ្របាញ់ទឹកជាដើម។

លោកអភិបាលរងក្រុងបានបន្តថា ទោះជាបែបនេះក្តី អាជ្ញាធរក្រុងបានជំរុញដល់ក្រុមហ៊ុនត្រូវបង្កើនការងារមួយចំនួន ដូចជា ប្រមូលឲ្យបានស្អាត ទាន់ពេលវេលា និងរក្សានិរន្តរភាពសោភ័ណភាពក្រុង។ ជាសំណូមពរ ក្នុងនាមរដ្ឋបាលក្រុងកំពត លោកសូមអំពាវនាវដល់ពលរដ្ឋក្នុងក្រុង និងភ្ញៀវទេសចរមកពីទីជិតឆ្ងាយជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនងាយស្រួលក្នុងការដើរប្រមូល និងដឹកជញ្ជូនចេញ៕