សន្ដិសុខសង្គម

អភិបាលខេត្តឱ្យអភិបាលស្រុកជាប់ដងទន្លេស្រង់ទិន្នន័យនៃការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ

ដោយ៖ គង់ហេង
កំពង់ចាម៖ ទឹកទន្លេមេគង្គចាប់ផ្តើមស្រកចុះបានមួយថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសឱ្យអភិបាលស្រុកនៅជាប់ដងទន្លេ សហការជាមួយមន្រ្តីជំនាញចុះស្រង់ទិន្នន័យ នៃការខូចខាតដូចជា ប្រព័ន្ធផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានា ផលដំណាំរបស់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីសុំកិច្ចអន្តរាគមន៍ ទៅសម្តេចប្រមុខរាជរដ្ឋាភិបាល ធ្វើការស្តារឡើងវិញ។


ឯកឧត្តមអភិបាលខេត្តកំពង់ចាមប្រកាសបែបនេះ ក្រោយពីឯកឧត្តមបានដឹកនាំសហការី មន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងលើស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ហើយបានស្តាប់សេចក្តីរាយការណ៍ពីអភិបាលស្រុកទាំងពីរ នៅសាលាឃុំពាមកោះស្នា កាលពីថ្ងៃទី ២៩ កញ្ញាកន្លងទៅនេះ។


ឯកឧត្តមបានបន្ថែមថា៖ ក្នុងនោះមានកត្តាចម្បងៗ ដទៃទៀត គឺត្រូវតាមដានកម្រិនទឹក ។ ដោយទឹកឡើងក៏ត្រូវតាមដាន និងស្រកក៏តាមដាន ប្រសិនបើទឹកលឿនប្រឈមខ្វះទឹកធ្វើស្រែ និងកត្តាអាកាសធាតុ ចាំបាច់ត្រូវរកវិធីស្ទាក់ទឹកទុក ដើម្បីស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋ។ ជាមួយនោះសូមបន្តណែនាំអប់រំ ប្រជាពលរដ្ឋយើងបន្តការប្រុងប្រយ័ត្ន លើផ្ទះ ឬលំឋានជាប់មាត់ទន្លេ និងកៀកនឹងច្រាំងទន្លេ ពិសេសប្រាប់មេភូមិ ជួយណែនាំឱ្យបានដល់គ្រប់ខ្នងផ្ទះ និងរក្សាអនាម័យ សុខភាព ព្រមទាំងមើលថែកុមារ រួចផុតពីការលង់ទឹក។


ឯកឧត្តមបានបន្តថា៖ សូមឱ្យអាជ្ញាធរសហការជាមួយ មន្រ្តីជំនាញចុះស្រង់ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងសុក្រិត្យ ពីចំនួនគ្រួសារ ទំហំដីចំពោះដំណាំស្រូវ នៃការខូចខាតរបស់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់ទន្លេ។ក្នុងនោះមានផ្លូវ លំនៅឋាន សត្វពាហនៈ ប្រជាពលរដ្ឋ ស្រូវដំណាំរួមផ្សំជាដើម…។ ដើម្បីញែកថា មានខូចខាតប៉ុន្មាន?មកដល់ពេលនេះ រហូតដល់បិទបញ្ចប់រដូវទឹកស្រក មានការខូចខាតផលដំណាំសរុបផ្ញើជូនសម្តេចប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំកិច្ចអន្តរាគមន៍សម្រាប់ការស្តាយឡើងវិញ៕