ប្រែសម្រួល៖ ស្រីនិច
ក្បួនរថក្រោះអ៊ីស្រាអែលដ៏ធំបានប្រមូលផ្តុំគ្នានៅជិតព្រំដែនជាមួយប្រទេសលីបង់ ចំពេលដែលមានការភ័យខ្លាចនៃការលុកលុយចូលទឹកដីលីបង់ជិតចូលមកដល់ ខណៈដែលលោកខាងលិចបានព្យាយាមប្រឹងប្រែងសង្គ្រាមការទូតទប់ស្កាត់ “សង្រ្គាមទាំងអស់” បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ IDF នៅយេម៉ែន។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថក្រោះអ៊ីស្រាអែលរាប់រយគ្រឿងបានតម្រង់ជួរនៅព្រំដែនលីបង់ ខណៈការភ័យខ្លាចកើនឡើងជុំវិញការឈ្លានពានតាមផ្លូវគោកដែលរំពឹងទុក។ ជាមួយនឹងបញ្ហានៅមជ្ឈិមបូព៌ាកាន់តែខិតទៅជិតសង្រ្គាមដ៏ខ្លាំងក្លាមួយ អ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីប្រឆាំងនឹងគោលដៅរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ ចំពេលមានការភ័យខ្លាចថាជម្លោះដ៏ក្តៅគគុកអាចនឹងរីករាលដាលពាសពេញតំបន់។
ភាពតានតឹងកំពុងកើនឡើង បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេដឹកនាំកំពូលរបស់ Hezbollah នៅក្នុងការវាយប្រហារតាមអាកាសទៅលើភាគខាងត្បូងទីក្រុង Beirut ដែលបានសម្លាប់ លោក Hassan Nasrallah ។
ទាហានអ៊ីស្រាអែល និងរថក្រោះត្រូវបានគេឃើញកាលពីយប់ថ្ងៃទី២៩ កញ្ញា ២០២៤ បានប្រមូលផ្តុំគ្នានៅភាគខាងជើងនៅតាមព្រំដែនរបស់ពួកគេជាមួយភាគខាងត្បូងប្រទេសលីបង់ក្នុងការរៀបចំជាក់ស្តែងសម្រាប់ការលុកលុយដោយថ្មើរជើង។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហើបថា លោកនឹងនិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈដែលលោកបានព្រមានថា សង្រ្គាមដែលកើតឡើងនៅមជ្ឈិមបូព៌ាត្រូវតែជៀសវាងវាឲ្យបាន៕