ព័ត៌មានជាតិ

រដ្ឋបាលស្រុកទឹកឈូបង្កើតកម្មវិធីជួបជុំវេចនំអន្សមខ្មែរដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ

ដោយ៖ កំចាយ

កំពត÷ រដ្ឋបាលស្រុកទឹកឈូ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំរវាងពលរដ្ឋ មន្ត្រីរាជការ យុវជន កងកម្លាំងប្រដាប់អាវុធបង្កើតព្រឹត្តិការណ៍វេចនំអន្សមខ្មែរដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិនៅបរិវេណសាលាស្រុកផ្ទាល់។

ស្ត្រីឈ្មោះ យិន ភូ អាយុ ៧០ឆ្នាំ រស់នៅក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូបានរៀបរាប់ថា អ៊ំស្រីពិតជាមានអារម្មណ៍រីករាយក្នុងការមកចូលរួមជួយវេចនំអន្សម និងបង្រៀនក្មេងៗឲ្យបានចេះដូចចាស់ៗនៅតាមភូមិដែរ។ ជាទូទៅ ក្មេងៗឥឡូវភាគច្រើនមិនចេះវេចនំអន្សមទេ។ ស្ត្រីដដែលបានបញ្ជាក់ថា រៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ ឪពុកម្តាយតែងវេចនំអន្សមសម្រាប់ឲ្យកូនដែលមកលេងស្រុកកំណើតយកតាមខ្លួនពេលត្រឡប់ទៅធ្វើការនៅឆ្ងាយៗវិញ។

ក្រុមយុវជនស្រុកទឹកឈូបានរៀបរាប់ថា ពិធីវេចនំអន្សមខ្មែរថែវប្បធម៌ជាតិជាឱកាសល្អសម្រាប់ពួកខ្លួនបានមកជួប និងរៀនវេចនំកេរដំណែលខ្មែរជាមួយគ្នា ពិសេសបានបង្កើនភាពស្និទ្ធស្នាលនឹងអ៊ំពូមីងជាមន្ត្រីរាជការសាលាស្រុកផ្ទាល់។

លោកស្រី តាន់ គឹមហុង ប្រធានកិត្តិយស អនុសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកទឹកឈូ ជាតំណាងលោកអភិបាលស្រុកបានបញ្ជាក់ថា ការរៀបចំពិធីវេចនំអន្សមខ្មែរថែវប្បធម្មជាតិនេះគឺដើម្បីឲ្យក្មេងៗមានឱកាសរៀនវេចនំជាមួយបងប្អូន ពូមីង ចាស់ៗក្នុងស្រុកទឹកឈូ។ សកម្មភាពទាំងនេះក៏បានបង្កើនសាមគ្គីភាព និងចូលរួមថែរក្សាប្រពៃណីតាមរយ:ការវេចនំអន្សមខ្មែរសម្រាប់ពិធីបុណ្យភ្ជុំមិនឲ្យបាត់បង់ទៀតផង៕