ព័ត៌មានជាតិ

រដ្ឋបាលស្រុកលើកតម្កល់ចម្លាក់និមិត្តរូប( LOGO)ស្រុកព្រះនេត្រព្រះ នៅសួនស្រះជប់មុខសាលាស្រុក

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំនិងមន្ត្រីនៃរដ្ឋបាលស្រុកព្រះនេត្រព្រះបាននាំយកនូវចម្លាក់រូបសំណាកជាងនិងតោដែលជានិមិត្តរូប( LOGO)ស្រុកព្រះនេត្រព្រះ មកតម្កល់នៅសួនស្រះជប់មុខសាលាស្រុកផ្លូវជាតិលេខ៦ នាភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ ។

អញ្ជើញដឹកនាំពិធីដោយលោកឃូ ពៅ អភិបាលនៃគណ:អភិបាលស្រុក, លោកកែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សា លោកអភិបាលរងនិងមន្ត្រី យុវជនស្រុកព្រះនេត្រព្រះ។

បើតាមលោកឃូ ពៅ   រូបនិមិត្តរូបស្រុកព្រះនេត្រព្រះនេះត្រូវណែនាំឲ្យឆ្លាក់ពីថ្មខ្សាច់ពណ៌ក្រហមដោយជាងចម្លាក់ឈ្មោះញ៉ែម កេន នៅភូមិភ្នំជញ្ជាំងឃុំជប់វារី ដែលមានទំហំរូបជាងនិងតោ ៖ រូបកម្ពស់១,៧ម៉ែត្រ   បល្ល័ង្គកម្ពស់០,៤ ម៉ែត្រ បណ្តោយ១,៤ម៉ែត្រ ទទឹង០,៨ម៉ែត្រ ។

ការលើកមកតម្កល់លើខឿននាថ្ងៃនក្ខត្តឫក្សនេះ គ្រាន់ជាបណ្តោះអាសន្នសិន ។ ឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនឹងធ្វើនៅថ្ងៃល្អណាមួយក្រោយបុណ្យភ្ជុំបិណ្ឌ។

ទោះជាយ៉ាងណានាពេលនេះ  ថ្នាក់ដឹកនាំស្រុក បានអុជទៀន ធូបសុំម្ចាស់ទឹកម្ចាស់ដី វត្ថុសក្តិសិទ្ធិ អ្នកតាចាស់ស្រុក អ្នកមានបារមីក្នុងលោកធាតុ គុណព្រះរតនត្រ័យនិងអ្នករក្សារូបសំណាកនិមិត្តរូបស្រុកព្រះនេត្រព្រះនេះ ជួយប្រោសប្រទានពរជ័យឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ក៏ដូចក្នុងខេត្តនិងប្រទេសបានសេចក្តីសុខចម្រើនជោគជ័យ សម្បូរសប្បាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍន៍។

នេះជានិមិត្តផ្លូវការរបស់ស្រុកនេះត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ហើយមានប្រវត្តិនិងអត្ថន័យដ៏ជ្រាលជ្រៅដោយជាក់ស្តែងព្រះនេត្រព្រះ មានសហគមន៍ជីករ៉ែថ្មនិងចម្លាក់ថ្មដ៏ធំបំផុតនិងតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យនៅភូមិភ្នំជញ្ជាំងឃុំជប់វារី ដែលស្ថិតត្រង់ប្រជុំជនស្រុកព្រះនេត្រព្រះ។

ម្យ៉ាងទៀត ប្រជុំជនស្រុកនេះក៏មានមរតកធម្មជាតិមានតែមួយគត់ក្នុងខេត្តដែរគឺទឹកជប់ជាទឹកហូរចេញពីក្នុងដី ដែលបច្ចុប្បន្នមានស្រះទឹកថ្លាយង់ដ៏ធំមួយនៅមុខសាលាស្រុក។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកបានចំណាយថវិកាលើការឆ្លាក់រូបនេះ ក្នុងនោះលោកញ៉ែម កេន ជាងចម្លាក់ក៏បានជួយផងដែរនិងថែមទាំងជួយបង្កាន់ដៃថ្មលើខឿនបេតុង។

គួររំលឹកដែរថា កាលពីឆ្នាំ១៩៩៦ នៅត្រង់អតីតរង្វង់មូលជប់(ផ្លូវជាតិលេខ៦ ប្រសព្វនឹងផ្លូវខេត្តជប់-ពន្លៃ,ផ្លូវខេត្តលេខ១៥៦បេ) ធ្លាប់មានរូបចម្លាក់”ជាងនិងតោ”តូចរួចមកហើយ។

ប៉ុន្តែពេលស្ថាបនា ពង្រីកផ្លូវជាតិលេខ៦ ក្រាលបេតុងAC ក៏ត្រូវបានយករូបចេញនិងលុបរង្វង់មូលចោល៕