សន្ដិសុខសង្គម

ពលរដ្ឋកម្ពុជាម្នាក់ជាន់មីនដាច់ជើងម្ខាងពេលដើរឆ្លងកាត់ព្រំដែនកម្ពុជា ថៃចំណុចហាមឃាត់

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ពលរដ្ឋម្នាក់រងរបួសធ្ងន់បន្ទាប់ពីជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។គ្រោះថ្នាក់នោះកើតឡើងតាំងពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែដំណឹងនេះទើបកងកម្លាំងបញ្ចេញនៅថ្ងៃទី២៧ខែកញ្ញា។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ យឹមសុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ  ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។

មុនកើតហេតុជនរងគ្រោះបានចូលទៅកាប់ឈើក្នុងចម្ការមីននៃព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។

ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនិងកម្លាំងយោធាកងការពារព្រំដែនលេខ៥០៥ កងទ័ពកងពលតូចថ្មើរជើងលេខ៥១ នៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែនឬពលករ សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកឬឆ្លងកាត់តំបន់ហាមឃាត់និងខ្សែបន្ទាត់ឬច្រករបៀងព្រំដែនដែលជាចម្ការមីន តំបន់សង្ស័យមានមីន ព្រោះវាងាយបង្កគ្រោះថ្នាក់ណាស់។

ទោះយ៉ាងណា ករណីខាងលើ លោកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងអធិការដ្ឋាននគរបាលស្រុករបស់លោក មិនមានតួនាទីនៅតំបន់ព្រំដែនទេ៕