ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង: ស្ត្រីម្នាក់ដោយសារភ័យខ្លាចប្តីវាយបានរត់ជាន់ខុសជណ្តើរធ្លាក់ពីលើផ្ទះ និងរត់បុកគោយន្តបណ្តាលឲ្យស្លាប់។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា: ករណីដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅរំលងអធ្រាត្រថ្ងៃទី ២៤ ឈានចូលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងក្រុមទី ០៥ ភូមិបឹងក្ទម្ព ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យជាប្តីឈ្មោះ អ៊ូច ជ្រឿន អាយុ ៤៩ និងប្រពន្ធឈ្មោះ ឌឿក រី អាយុ ៥១ ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិ ឃុំកើតហេតុខាងលើ។
នៅយប់កើតហេតុរវាងប្តីប្រពន្ធទាំង ២នាក់បានត្រឡប់មកពីផឹកស៊ីជាមួយគ្នា ពេលនោះប្រពន្ធមានកលមិនស្រួលខ្លួនក៏បានសុំឲ្យប្តីចិត្តអាក្រក់កោសខ្យល់ឲ្យ ប៉ុន្តែប្តីមិនបានកោសខ្យល់ឲ្យតាមការស្នើរបស់ប្រពន្ធទេដោយសារខ្លួនស្រវឹងដែរ ។ភ្លាមៗជនរងគ្រោះជាប្រពន្ធក៏កើតក្តីមួម៉ៅក្នុងចិត្តហើយបានរករឿងឈ្លោះប្រកែក និងជេរប្តីមួយប្រាវ ។ភ្លាមនោះបុរសជាប្តីអត់ទ្រាំមិនបានក៏បានប្រើកម្លាំងបាយតបវិញដោយបានចាប់បោចសក់បម្រុងនឹងវាយ តែត្រូវក្មួយចាប់បំបែកទាន់ ។រំពេចនោះស្ត្រីជាប្រពន្ធដោយសារភ័យតក់ស្លុតក៏ស្ទុះរត់ប្រុងចុះពីលើផ្ទះ ប៉ុន្តែបានជាន់ខុសជណ្តើរស្រាប់តែធ្លាក់ពីលើផ្ទះមកដី ហើយក៏ស្ទុះងើបបន្តរត់ទៀត ចៃដន្យបានរត់បុកគោយន្តចតចោលមួយសាទៀតបណ្តាលដេកដួលសន្លប់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលដោយសារការប៉ះទង្គិចមានសភាពធ្ងន់ធ្ងរស្ត្រីជនរងគ្រោះក៏បានស្លាប់នៅយប់កើតហេតុតែម្តង។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងផ្នែកជំនាញអធិការដ្ឋាននរគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យជាប្តីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕