ព័ត៌មានជាតិ

បើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមកងរាជអាវុធហត្ថជ្រើសរើសថ្មីនៅបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ÷ យោងតាមផែនការលេខ៤៨/២០២៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងសិក្ខាកាមកងរាជអាវុធហត្ថជ្រើសរើសថ្មី ចំនួន៤១ នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះដែរ  លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការណែនាំដល់សិក្ខាកាមកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវដាក់ចិត្ត ដាក់កាយ ដោយស្មារតីទទួលខុសត្រូវនិងគោរពតាមបទបញ្ជា បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាអាវុធហត្ថគំរូ ដែលមានវិន័យនិងក្រមសីលធម៌ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ដើម្បីធ្វើឱ្យកាយសម្បទាមាំមួន រហ័សរហួន ឆន្ទៈមោះមុត មានស្មាតីសាមគ្គីភាព វិន័យម៉ឺងម៉ាត់ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិនិងរាជរដ្ឋាភិបាល ។បន្ថែមលើនោះ ធ្វើឱ្យផ្លាស់ប្ដូរពីជីវភាពស៊ីវិល ទៅជាជីវភាពកងឯកភាព ក្រោមការគ្រប់គ្រងតាមបទប្បញ្ញត្តិនិងវិន័យយោធា ព្រមទាំងក្រេបយកចំណេះដឹងពីយោធាចារ្យដែលបានបង្ហាត់បង្រៀន ដើម្បីយកមកបម្រើក្នុងអង្គភាព  ៕