ព័ត៌មានជាតិ

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយសម្តេចធិបតីឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជន

ដោយ : បន្ទាយ
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំនាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែតផងដែរ។ នេះបើតាមមន្ត្រីក្រុមការងារឲ្យដឹងកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ។

ក្នុងនោះអំណោយរួមមាន អង្ករ ៧៥គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី ឃូ ស៊ីធឿន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជា អតីតនាយទាហានរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានទទួលមរណភាពនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខ និងសោកស្ដាយជាទីបំផុត ពីសំណាក់ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជូនដល់គ្រួសារសព ៕