សេដ្ឋកិច្ច

ថ្នាក់ដឹកនាំសមាគមCTAFAត្រូវបានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈរវាងនិយ័តករមូលបត្រកម្ពុជានិងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគម សហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA រួមជាមួយថ្នាក់ដឹកនាំ ចំនួន០៨រូបត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា មានកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា រវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានិងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា។

ថ្នាក់ដឹកនាំសមាគមCTAFA បានឲ្យដឹងថា តាមរយៈការអញ្ជើញចូលរួមនេះថ្នាក់ដឹកនាំសមាគម CTAFA បានឆ្លៀតឱកាសសម្តែងការគួរសមនិងទំនាក់ទំនងល្អជាមួយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា(ន.ម.ក), អ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា(ស.ស.អ.ក) ,ថ្នាក់ដឹកនាំសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា(CTLA) , ស្ថាប័នពាក់ព័ន្ធនិងថ្នាក់ដឹកនាំអគ្គនាយក អគ្គនាយករង ក្រុមហ៊ុនធំៗមួយចំនួនទៀតដែលបានចូលរួមនៅក្នុងឱកាសនោះ។

ថ្នាក់ដឹកនាំសមាគមCTAFA ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ការអញ្ជើញថ្នាក់ដឹកនាំសមាគម CTAFA ឲ្យចូលរួមនៅក្នុងកម្មវិធីនេះគឺមានសារសំខាន់ខ្លាំងណាស់ ធ្វើឲ្យសមាគមមានឱកាសបានពង្រីកទំនាក់ទំនងរបស់ខ្លួនកាន់តែធំទូលាយ។ លើសពីនេះទៅទៀតសមាគមក៏បានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតពីទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រកម្ពុជាក៏ដូចជាកាលានុវត្តភាពនៃការវិនិយោគក្នុងទីផ្សាមូលបត្រនៅកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ៕