ភ្នំពេញ៖អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow” ជូនដល់សិស្សានុសិស្ស ចំនួន១១៦៧នាក់ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈចំនួន៥វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។
វិទ្យាល័យទាំង៥រួមមាន៖ ១). វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ២).វិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានី ច្បារអំពៅ ៣).វិទ្យាល័យជាស៊ីមសាគ្គី ៤).វិទ្យាល័យបាក់ទូក និង៥).វិទ្យាល័យព្រែកលៀប។
តាមប្រសាសន៍របស់លោក អ៊ុម គន្ធែល ប្រធានអង្គការ MACA វិទ្យាល័យទាំង៥នេះ គឺជាការអនុវត្តជំហានដំបូងរបស់កម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព។ បន្ថែមពីលើនេះ អង្គការ MACA រួមជាមួយ ស.ស.យ.ក. រាជធានីភ្នំពេញ គ្រោងនឹងបន្តរៀបចំកម្មវិធីនេះ នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈផ្សេងទៀត នៃប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
លើសពីនេះ កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សា និងអាជីព “Major and Career Roadshow” មានគោលបំណងជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ ទន្ទឹមនេះ កម្មវិធីក៏មានបំណងបញ្ជ្រាបចំណេះដឹងអំពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់យុវជនខ្មែរជំនាន់ក្រោយ ដែលជាកម្លាំងស្នូលរបស់ជាតិ ក្នុងការបង្កើនសមត្ថភាព និងគុណភាព ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងដើម្បីចូលរួមក្នុងការដឹកនាំនៅក្នុងគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងកម្មវិធីខាងលើនេះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព ព្រមទាំងផ្តល់គន្លឹះសំខាន់ៗជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រើប្រាស់ពេលវេលាជាយុវជនឱ្យមានប្រសិទ្ធភាពក្នុងការបង្កើននូវចំណេះដឹង និងជំនាញច្បាស់លាស់ ធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងមានជំនាញមួយពិតប្រាកដស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរុងរឿង និងរីកចម្រើន។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សឱ្យចេះសម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រយោជន៍ និងចំទិសដៅ។ ជាក់សែ្ដង សម្រាប់វាគ្មិនកិត្តិយសចំនួន ៣រូប រួមមាន៖ លោក អ៊ុម គន្ធែល ប្រធានអង្គការ MACA, លោក ទេព សេងហ៊ន តំណាងនាយកដ្ឋានព័ត៌មានទីផ្សារការងារ និងលោក ប៊ិច សុធា អ្នកជំនាញប្រឹក្សាអាជីព បានរួមគ្នាពន្យល់បកស្រាយយ៉ាងក្បោះក្បាយនូវប្រធានបទដ៏មានសារៈសំខាន់ចំនួន៣ ក្នុងការចែករំលែកជូនដល់សិស្សានុសិស្ស និងយុវជនបានយល់ពីភាពជាអ្នកដឹកនាំរបស់យុវជនសម័យឌីជីថល សារៈសំខាន់នៃការរៀនបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាតម្រូវការជំនាញនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ អង្គការ MACA ក៏បានណែនាំវិធីសាស្រ្តស្វែងយល់ពីខ្លួនឯង ក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីព ហើយបានធ្វើតេស្តស្វែងរកជំនាញសិក្សា និងអាជីពដែលសាកសមនឹងចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ តាមរយៈកម្មវីធីទូរស័ព្ទ MACA Mobile ជូនដល់សិស្សានុសិស្ស។
គួរបញ្ជាក់ផងដែរថា អង្គការ MACA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមយុវជនកម្ពុជាវ័យក្មេងដែលមានចក្ខុវិស័យជួយសិស្ស និស្សិត និងយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីត្រៀមខ្លួនសម្រាប់អាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ MACA បានធ្វើសកម្មភាពសង្គមជាច្រើន និងបានផ្តួចផ្តើមនូវយុទ្ធនាការតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “ជជែកអំពីអាជីព” និងកម្មវិធីសិក្ខាសាលាតម្រង់ទិសតាមរាជធានី-ខេត្ត ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការកំណត់គោលដៅ ជំនាញ និងអាជីពច្បាស់លាស់។ លើសពីនេះ MACA ក៏បានបង្កើតកម្មវិធីទូរស័ព្ទ MACA Mobile ដើម្បីធ្វើការវាយតម្លៃពីជំនាញសិក្សា និងអាជីព ដែលសាកសមនឹងមនុស្សម្នាក់ៗ ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីជំនាញសិក្សា និងអាជីពនីមួយៗ។កម្មវិធីនេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូនក្រោមការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន Edvise, សាលាភាសាបរទេស CAM-ASEAN, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB និងផលិតកម្មសាស្ត្រាហ្វីម៕