ដោយ៖កំចាយ
កំពត៖ ខណ:ដែលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខិតជិតចូលមកដល់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកឈូក បានអញ្ជើញមនុស្សវ័យចំណាស់មកបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយអំពីរបៀបវេចនំអន្សមនៅសាលាស្រុកដើម្បីចូលរួមថែរក្សាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរឲ្យនៅគង់វង្សយូរអង្វែង។
លោកស្រី ចាន់ សាវឿន នាយិកាអនុវិទ្យាល័យអង្គឈូក បានរៀបរាប់ថា៖ សិស្សនៅសាលារបស់អ្នកគ្រូភាគច្រើនលើសលប់មិនទាន់ចេះពីរបៀបវេចនំអន្សម និងការធ្វើនំកេរដំណែលខ្មែរដទៃទៀតនៅឡើយ។ ក្រោយទទួលដំណឹងថា ថ្ងៃនេះរដ្ឋបាលស្រុកឈូករៀបចំពិធីវេចនំអន្សមសាមគ្គីដោយអញ្ជើញតាយាយវ័យចំណាស់ៗមកបង្ហាត់បង្ហាញមន្ត្រីរាជការនៅសាលាស្រុកផ្ទាល់ទើបអ្នកគ្រូសម្រេចនាំសិស្សឲ្យមកហ្វឹកហាត់ដើម្បីមានចំណេះដឹងបន្តរក្សាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរទៅមុខទៀត។
ក្រុមសិស្សដែលចូលរួមបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ ពួកខ្លួនមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានមករៀនវេចនំអន្សមពីលោកតាលោកយាយនៅពេលនេះ។ ក្រោយចេះចាំស្ទាត់ ពួកខ្លួននឹងប្រើប្រាស់ការចេះដឹងទាំងនេះឱ្យបានទៀងទាត់តាមរយ:ជួយវេចនំឪពុកម្តាយរាល់ពិធីបុណ្យនៅឆ្នាំក្រោយៗ ពិសេសបុណ្យភ្ជុំបិណ្ឌជាដើម។
លោក សៅ មឿន អភិបាលស្រុកឈូកបានបញ្ជាក់ថា ការរៀបចំពីធីនេះឡើងបំណងបង្កើនភាពស្និទ្ធស្នាល និងពព្រឹងសាមគ្គីភាពរវាងប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងស្រុកទាំងមូល។ បន្ថែមលើនេះក៏ដើម្បីបង្ហាញអំពីរបៀបធ្វើនំខ្មែរឲ្យយុវជនជំនាន់ក្រោយបានចេះដឹង ហើយអាចបន្តរក្សាកេរដំណែលសម្បត្តិវប្បធម៌ខ្មែរកុំឲ្យបាត់បាត់បង់ ព្រោះនំទាំងនេះសំខាន់សម្រាប់ពិធីបុណ្យភ្ជុំ ក៏ដូចជាប្រពៃណីផ្សេងៗទៀត។
មន្ត្រីរាជការ និងប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋបាលស្រុកឈូកដែលបានរៀបចំពិធីវេចនំអន្សមសាមគ្គីនេះ។ ការរម្លឹកឡើង និងផ្តល់ចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយឲ្យបានយល់ពីរបៀបរបបនៃការធ្វើនំកេរដំណែលសម្បត្តិវប្បធម៌ជារឿងសំខាន់ដើម្បីឲ្យមរតកដ៏ថ្លៃថ្លានេះបានស្ថិតស្ថេរគង់វង្ស៕