ប្រែសម្រួល៖ ស្រីនិច
មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ ទី១៧ខែកញ្ញា ថា ប្រទេសរុស្ស៊ីកំពុងបង្កើនទំហំកងទ័ពរបស់ខ្លួនដល់ 1.5 លាននាក់ដោយសារ “ការគំរាមកំហែង” នៅតាមបណ្តោយព្រំដែនរបស់ខ្លួន រួមទាំងអរិភាពនៅលោកខាងលិច។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឱ្យដឹងថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទដែលជំរុញចំនួនទាហានរុស្ស៊ីសកម្មពី 180,000 ទៅ 1,5 លាននាក់ ដោយធ្វើឱ្យកងទ័ពរុស្ស៊ីធំជាងគេទីពីរនៅលើពិភពលោកតាមទំហំកងទ័ពសកម្ម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺបណ្តាលមកពីចំនួននៃការគំរាមកំហែងដែលមានសម្រាប់ប្រទេសរបស់យើងនៅតាមបរិវេណនៃព្រំដែនរបស់យើង” ។
លោកបានបន្ថែមថា “វាត្រូវបានបង្កឡើងដោយស្ថានភាពអរិភាពយ៉ាងខ្លាំងនៅព្រំដែនខាងលិច និងអស្ថិរភាពនៅព្រំដែនភាគខាងកើត” ។
ការកើនឡើងនេះគឺជាលើកទីបីហើយដែលលោកពូទីនបានបញ្ជាឱ្យបង្កើនកងទ័ពចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ 2022 ហើយខណៈដែលទាហានជិត 700,000 នាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែន នេះបើយោងតាមការប៉ាន់ស្មានរបស់លោកពូទីននៅក្នុងខែមិថុនា។
ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានបង្រ្កាបកងទ័ពដើម្បីបញ្ឈប់ការវាយលុកឆ្លងព្រំដែនរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk របស់ខ្លួន ហើយក៏បានបង្កើនការវាយលុករបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែនផងដែរ។
ភាគីទាំងសងខាងមិនមានការផ្សាយជាទៀងទាត់នូវទិន្នន័យស្តីពីការស្លាប់ និងរបួសដោយយោធានោះទេ ប៉ុន្តែការប៉ាន់ប្រមាណឯករាជ្យចង្អុលបង្ហាញថាមានមនុស្សរាប់ម៉ឺននាក់បានស្លាប់ និងរងរបួសទាំងសងខាងចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅឆ្នាំ 2022។
រុស្ស៊ីបានត្អូញត្អែរជាយូរមកហើយអំពីការគំរាមកំហែងនៅតាមព្រំដែនរបស់ខ្លួន ដែលភាគច្រើនមកពីការពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។
ណាតូនិយាយថា ខ្លួនជាសម្ព័ន្ធមិត្តការពារ និងមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូ ដោយលើកហេតុផលថា “អាកប្បកិរិយាឈ្លានពាន” របស់រុស្ស៊ីចំពោះប្រទេសជិតខាងគឺត្រូវស្តីបន្ទោសចំពោះការកើនឡើងនៃភាពតានតឹង៕
ប្រភព៖ AFP/dy