ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់តបទៅនឹងក្តីបារម្ភដ៏ជ្រាលជ្រៅថាក្រុងប៉ោយប៉ែតនឹងខ្វះទឹកស្អាតប្រើប្រាស់និងបរិភោគ។
សេចក្តីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា ៖ ពិនិត្យទៅលើសេចក្តីជូនដំណឹងលេខ០០៤/២៤ អ ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រុមអានកូ វ៉តធើរសឹបផ្លាយ (ANCO PoiPet Water Suply) សូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មេត្តាជ្រាបដូចខាងក្រោម ៖
១-ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រួមជាមួយចៅសង្កាត់និមិត្ត និងតំណាងក្រុមហ៊ុនអានកូវ៉តធើរសឹបផ្លាយ បានចុះពិនិត្យទីតាំងប្រឡាយការពារតំបន់អភិរក្សព្រៃឈើ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានបណ្តោយប្រវែង ៤.៥០០ម៉ែត្រ និងទទឹងប្រវែង៣០ម៉ែត្រ ជម្រៅទឹក បច្ចុប្បន្ន៥,៥ម៉ែត្រ ដែលមានបរិមាណទឹកប្រមាណ៧៤០.០០០ម៉ែត្រត្រីគុណ។
២-ក្រុមហ៊ុនធានាថានឹងដំឡើងម៉ូទ័រទឹកខ្នាតធំដើម្បីបូមទឹកពីប្រភពខាងលើបញ្ជូនទៅទីតាំងផលិតទឹកស្អាត។
៣-ក្រុមហ៊ុនបានធានាថានឹងត្រៀមគ្រឿងចក្រសម្រាប់កាយប្រឡាយនាំទឹកដើម្បីឱ្យបានដល់គោលដៅ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ៖ «រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងជំរុញកិច្ចការនេះឱ្យបានរួចរាល់និងមិនបណ្តោយឱ្យមានការខ្វះខាតទឹកប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតឡើយ»។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន ។
សូមរំលឹកថា បើយោងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនអានកូ វ៉តធើរសឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ បានជម្រាបជូនដល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខ្លួនថា ក្រុមហ៊ុនមានអាងស្តុបទឹកឆៅចំនួន២ទីតាំង ចំណុះប្រហែល៩.០០០.០០០ម៉ែត្រគីប ។ហើយជាក់ស្ដែងអាងស្តុកទឹកទាំងពីរនេះសល់ទឹកឆៅត្រឹមតែ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ។
ចំណែកអាជ្ញាធរក្រុងប៉ោយប៉ែតបានបញ្ជាក់ថា : បច្ចុប្បន្នក្រុងនោះមាន៥សង្កាត់គឺសង្កាត់អូរជ្រៅ ប៉ោយប៉ែត ផ្សារកណ្តាល អូរឬស្សីនិងនិមិត្ត ដែលមានមនុស្សស្ថិតនៅប្រមាណ២០ម៉ឺននាក់ ។
ក្នុងនោះពាក់កណ្តាលជាអ្នករស់នៅនិងមានលំនៅអចិន្ត្រៃយ៍និងពាក់កណ្តាលទៀតជាអ្នកស្នាក់នៅបណ្តោះអាសន្ន(គឺអ្នកប្រកបរបររកស៊ី ធ្វើការនានា) ។
ចំពោះ ក្រុមហ៊ុនអានកូវ៉តធើរសឹបផ្លាយ ប៉ោយប៉ែតគឺផ្គត់ផ្គង់ទឹកស្អាតលើ៤សង្កាត់ដែលមានមនុស្សច្រើន លើកលែងតែសង្កាត់និមិត្ត ៕