ដោយ : បន្ទាយ
កំពង់ឆ្នាំង៖កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានធ្វើសកម្មភាពយកមួកសុវត្ថិភាពគប់និងយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលពីខាងក្រោយ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងចំនួន០៤នាក់ មធ្យោបាយរថយន្តចំនួន០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយយោងតាមបទល្មើសសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន ពិសិដ្ឋ ហៅយ៉ែ ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងទូរសព្ទ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។កម្លាំងបានចុះបង្ក្រាបករណី«ហិង្សាដោយចេតនា» ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យមានឈ្មោះរុំ សុវណ្ណរ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទី០៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាងរួមមាន៖ ១-ម៉ូតូ SUZUKI Smash ពណ៌ស.ខ្មៅ ពាក់ផ្លាកលេខ ភ.ព 1DD.2651 ចំនួន០១គ្រឿង , ២-មួកសុវត្ថិភាព និងខ្សែក្រវាត់១ ។
សមត្ថកិច្ចឲ្យដឹងថា: មូលហេតុដោយសារទំនាស់ពាក្យសម្ដី ដោយជនសង្ស័យបានធ្វើសកម្មភាពយកមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ និងបានយកខ្សែក្រវាត់វាយបណ្ដាលឲ្យបែកក្បាលពីខាងក្រោយ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។
ករណីខាងលើនេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕