ដោយ : បន្ទាយ
កំពង់ឆ្នាំង៖ មានករណីមនុស្ស២នាក់ស្លាប់ក្នុងផ្ទះ បង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីប្រជាពលរដ្ឋក្បែរខាងធុំក្លិនស្អុយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យ។ ហេតុការណ៍នេះនៅម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងផ្ទះស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ផ្ទះជនរងគ្រោះមានភាពតងូចចង្អៀត រស់នៅមិនចុះសម្រុងជាមួយញាតិមិត្តក្នុងភូមិទាំងអស់ គ្រាន់តែគេចតម៉ូតូ កង់ មុខផ្ទះក្រៅរបងក៏ពុំបានផង ចេញមកជេរគេជេរឯង គ្មានអ្នកភូមិណាចូលចិត្តនោះទេ ។ ម៉្យាងវិញទៀតសពទាំង២នោះមានម្នាក់មានសតិមិនគ្រប់ ពេលចេញក្រៅម្តងៗតែងតែធ្វើសកម្មភាពយកដុំថ្មដេញគប់គេឯង ទើបក្រុមគ្រួសារសម្រេចចិត្តធ្វើទ្រុងឃុំឃាំង និងឲ្យលោកយាយម្នាក់នៅមើលថែឲ្យបាយទឹក ទំនងស្ត្រីដែលមើលនោះបានជំងឺស្លាប់មុន ទើបបុរសដែលមានសតិមិនគ្រប់នោះស្លាប់តាមក្រោយព្រោះគ្មានអ្នកឲ្យចំណី។
ដោយឡែកសមត្ថកិច្ចឲ្យដឹងថា សពទាំងនោះមានឈ្មោះ ទី១/ម៉ូវ យ៉ឺន ភេទស្រី អាយុ៧២ឆ្នាំ និងទី២/ម៉ូវ សូលីនបញ្ញារិទ្ធ ភេទប្រុសអាយុ៤២ឆ្នាំ(សតិមិនគ្រប់) រស់នៅភូមិសង្កាត់ខាងលើ។ ក្រោយកើតហេតុ ក្រុមការងារត្រួតពិនិត្យនិងកោសល្យវិច័យចម្រុះ(កម្លាំងផ្នែកជំនាញអធិការដ្ឋាន,កម្លាំងការិយាល័យជំនាញខេត្ត,ក្រុមគ្រូពេទ្យ,និងមានការចូលរួមជាមួយពីសាច់ញាតិសព,អាជ្ញាធរមូលដ្ឋាន)ដឹកនាំដោយលោកស្រីធី ភីថង ព្រះរាជអាជ្ញាររង និងលោក ប៉ុល វុទ្ធី ស្នងការរងទទួលផែនពិនិត្យឃើញថា៖
១-ក្នុងបរិវេណផ្ទះត្រូវបានចាក់សោ,បិទទ្វារបងនិងទ្វារផ្ទះពីខាងក្នុង ។
២- សពឈ្មោះម៉ូវ យ៉ឺន មានសភាពស្អុយរលួយ,ស្វិតនិងទ្រោម តាមការសន្និដ្ឋានរយៈពេលស្លាប់ប្រហែលជិតមួយខែមុន និងស្លាប់ដោយជំងឺចាស់ជរា ។
៣- សពឈ្មោះម៉ូវ សូលីនបញ្ញារិទ្ធ មានសភាពហើម,ប៉ោងរលួយ,ស្អុយហៀរទឹករងៃ ការសន្និដ្ឋានរយ:ពេលស្លាប់ប្រហែលមួយសប្ដាហ៍ ដោយអត់អាហារ (គ្មានអ្នកផ្ដល់)។
ក្រោយពីក្រុមការងារពិនិត្យរួចបានប្រគល់សពទាំងពីរជូនសាច់ញាតិដើម្បីធ្វើពិធីតាមប្រពៃណី ៕