ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកជំទាវ ឡុង បូណារ៉េត អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្មវីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។
«គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀននិងជាឱកាសនៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែង លះបង់ អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល គ្រាប់ពូជនៃអនាគតកម្ពុជា ។
មហាព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដំណាលគ្នាស្របតាមពេលវេលា និងទម្រង់ដូចគ្នានៅខេត្តដែលមានសក្តានុពលធំៗចំនួន ៥ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលស្របជាមួយឱកាសនៃការខិតជិតមកដល់ នៃទិវាគ្រូបង្រៀន ៥តុលា នាពេលខាងមុខផងដែរ ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ស្របពេលដែល «គរុកតញ្ញុតា» កំពុងប្រព្រឹត្តឡើងនៅខេត្តកំពង់ស្ពឺ មហាព្រឹត្តិការណ៍នេះក៏បានកំពុងប្រារព្ធឡើងដំណាលគ្នា នៅខេត្តចំនួន៤ផ្សេងទៀតរួមមាន៖ ខេត្តសៀមរាប, តាកែវ, បាត់ដំបង និងបន្ទាយមានជ័យ ដោយទទួលបានការចូលរួម ពីថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តទាំង៤ផងដែរ ។
លោកជំទាវបានបន្តទៀតថា «គរុកតញ្ញុតា» បានបង្កប់នូវខ្លឹមសារនៃការរឹតចំណង និងផ្សារភ្ជាប់គ្នារវាងគ្រូ និងសិស្ស ព្រមជាមួយការបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ គប្បីរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលលោកគ្រូ អ្នកគ្រូ បានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមារយាទ ព្រមទាំងបង្ហាត់បង្រៀនក្មួយៗ ឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ កាន់តែរីកចម្រើនគួរជាទីមោទនៈ។
លោកជំទាវ ឡុង បូណារ៉េត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ ការផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍ «គរុកតញ្ញុតា» ដោយមូលនិធិ២៥រៀល វីតាល់ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងបង្កើននូវចរិយាធម៌និងសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើង ជាពិសេសបានបំផុសស្មារតីដល់ឱ្យសិស្សានុសិស្សឱ្យរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលធ្លាប់បានបង្រៀន និងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីបុព្វហេតុរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរក សង្គមពុទ្ធិ ប្រកបដោយវិបុលភាព ក្នុងសម័យកាលថ្មី ដើម្បីអនាគតមាតុភូមិកម្ពុជាដ៏ត្រចះត្រចង់លើគ្រប់វិស័យ។
លោកជំទាវបានបន្តទៀតថា ព្រឹត្តិការណ៍ «គរុកតញ្ញុតា» បានរំលេចនូវអត្ថន័យនៃការដឹងគុណដ៏ធំធេងរបស់គ្រូបង្រៀន ថែមទាំងបានបង្កើតនូវបរិយាកាសស្និទ្ធស្នាលប្រកបដោយភាពវិជ្ជមានរវាងគ្រូនិងសហគមន៍រួមមានព្រះសង្ឃ មន្ត្រីរាជការ អាណាព្យាបាលនិងសិស្សានុសិស្ស ក្នុងដំណើរឆ្ពោះទៅរកឧត្តមភាពនៃបរិស្ថានសិក្សា និងប្រព័ន្ធអបរំជារួមប្រកបដោយចីរភាព។ បន្ថែមពីលើនេះទៀតលោកជំទាវ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍សង្គម «គរុកតញ្ញុតា» របស់មូលនិធិ ២៥រៀលវីតាល់ ក្នុងការរៀបចំព្រឹត្តិការណ៍រំឭកគុណគ្រូបង្រៀនដ៏ធំសម្បើម ដែលពុំធ្លាប់កើតមានឡើងនៅមូលដ្ឋានខេត្តកំពង់ស្ពឺ សកម្មភាពថ្ងៃនេះជាកាយវិការ និងគម្រូដ៏ល្អពីសំណាក់វីតាល់ ក្នុងនាមជាវិស័យឯកជនដោយបានផ្សាភ្ជាប់ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវចរិយាធម៌ និងសីលធម៌សង្គម ឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសើរឡើងបន្ថែមទៀត។
ក្នុងឱកាសនេះដែរ វីតាល់បានចេញនូវកេសថ្មីចំណុះ500mLដែលមានក្បាច់រចនាសមសួនថ្លៃថ្នូរ ដោយរំលេចរូបតំណាងខេត្តទាំង៥ និងផ្សារភ្ជាប់ខ្លឹមសារអប់រំនៃការរំឭកគុណគ្រូ ជាមួយនឹងផ្លាកសញ្ញា «គរុកតញ្ញុតា» ដ៏ស្រស់សោភាផងដែរ។ កេសវីតាល់ «គរុកតញ្ញុតា» ចំនួនផលិតមានកំណត់នេះ បានដាក់លក់លើទីផ្សារសម្រាប់តែ៥ខេត្តតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៥ សីហា រហូតដល់អស់ពីស្តុក។
គួរបញ្ជាក់ផងដែរថា វីតាល់ “គរុកតញ្ញុតា“ ត្រូវបានកើតចេញពីការចូលរួមគាំទ្រ ពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន២៥៛ ដោយផ្ទាល់ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្ដួចផ្ដើម និងបន្តចួលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សង្គមលើគ្រប់វិស័យ ៕