ព័ត៌មានជាតិ

ក្រុមហ៊ុនទឹកស្អាតនៅក្រុងប៉ោយប៉ែតថាអាងស្តុកទឹកខ្លួនធានាបាន១សប្តាហ៍ទៀតប៉ុណ្ណោះ, ឯមន្ត្រីថាមានប្រភពទឹកផ្សេងធានាបានកន្លះខែសម្រាប់មនុស្ស២០ម៉ឺននាក់

ដោយ : បន្ទាយ
បន្ទាយមានជ័យ : ក្រុមហ៊ុនអានកូវ៉ធើរសឹបផ្លាយប៉ោយប៉ែត (ANCO PoiPet Water Suply) ទទួលសិទ្ធិផលិតទឹកស្អាតផ្គង់ផ្គង់ផ្តាច់មុខគ្របដណ្តប់ទូទាំងក្រុងប៉ោយប៉ែត(នៃ៤/៥សង្កាត់) បានប្រកាសថា អាងស្តុកសល់ទឹកផ្គត់ផ្គង់ប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះ ។
ប៉ុន្តែមន្ត្រីអាជ្ញាធរដែនដីនិងជំនាញថា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃជិតខាងមានប្រភពទឹកផ្សេងអាចធានាការផ្គត់ផ្គង់បាន២សប្តាហ៍ដែរសម្រាប់មនុស្ស២០ម៉ឺននាក់ដែលរស់នៅអចិន្ត្រៃយ៍និងស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងនេះ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនអានកូ វ៉ធើរសឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ បានជម្រាបជូនដល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខ្លួនថា ក្រុមហ៊ុនមានអាងស្តុកទឹកឆៅចំនួន២ទីតាំង ចំណុះប្រហែល៩.០០០.០០០ម៉ែត្រគុណ ។ហើយជាក់ស្ដែង អាងស្តុកទឹកទាំងពីរនេះសល់ទឹកឆៅត្រឹមតែ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ(គិតពីថ្ងៃទី១១ខែកញ្ញាឬ១សប្តាហ៍គិតពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៤) សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ។

ក្រុមហ៊ុនដែលគេស្គាល់ថា ជារបស់លោកឧកញ៉ាកុក អាននេះ បានពន្យល់មូលហេតុខ្វះទឹកស្ទើរតែរាល់ឆ្នាំនេះថា : ទាំងនេះបណ្ដាលមកពីបញ្ហាអាកាសធាតុនៅតែបន្តរាំងស្ងួត ទើបពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនធ្វើការបិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។

ក្រុមហ៊ុនអានកូ វ៉ធើរសឹបផ្លាយ ប៉ោយប៉ែតបានបន្ថែមថា: ហើយសម្រាប់តំបន់ដែលនៅចុងបណ្ដាញមួយចំនួន ក្រុមហ៊ុនត្រូវបិទផ្គត់ផ្គង់១២ម៉ោងនិងបើកផ្គត់ផ្គង់វិញ១២ម៉ោងទៅតាមពេលកំណត់ ។

ក្រុមហ៊ុនទឹកស្អាតអានកូបានបញ្ជាក់ថា : “បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាសធាតុនៅតែរាំងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ ។ការផ្គត់ផ្គង់ទឹកស្អាតនិងត្រូវខ្វះឬអាចនឹងដាច់ទឹកមួយរយៈទម្រាំនឹងមានទឹកសម្រាប់ផ្គត់ផ្គង់វិញ”.។ដូច្នេះសូមបងប្អូនរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះដើម្បីត្រៀមបម្រុង ការពារទឹកដាច់ជាយថាហេតុ។

ករណីនេះ ប្រជាពលរដ្ឋបានលើកឡើងថា : កន្លងមកនេះក្នុងក្រុងប៉ោយប៉ែតកម្រនឹងខ្វះទឹកបរិភោគនិងប្រើប្រាស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតទឹកស្អាតបូមកផលិតនិងចែកចាយ ព្រោះក្រុមហ៊ុនខាងលើបានប្រើប្រាស់ទឹកក្នុងទំនប់និងអាងអូរខៃដនក្នុងភូមិយាងនិងភូមិយាងនិងភូមិសុខសាន្តសង្កាត់និមិត្តដែលជាអាងស្ថាបនាឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យហៅសម័យប៉ុលពត។

ប៉ុន្តែ៤-៥ឆ្នាំចុងក្រោយនេះ អាងនេះត្រូវបានឧកញ៉ា អ្នកមានធំៗបានចាក់ដីលុបទុកដីលក់ឬធ្វើបូរី ដ្បិតអីអាជ្ញាធរនិងសមត្ថកិច្ចបានប្រថាប់ត្រាលើការទិញ លក់ដីអាងនោះ ។
ចំពោះក្រុមហ៊ុនអានកូ វ៉ធើរសឹបផ្លាយ ប៉ោយប៉ែត វិញ បានរក្សាទុកដីអាង១ជ្រុងខាងជើងជាប់ផ្លូវដែក ហើយកាយអាចម៍ដីអោយជ្រៅធ្វើជាអាងស្តុកទឹកឆៅ។ប៉ុន្តែក្រុមហ៊ុនក៏មិនមានអាងបម្រុងឬប្រភពទឹកលើដី ក្នុងដីឯណាផ្សេងសម្រាប់ត្រៀមបម្រុងទឹកទុកក្នុងករណីគ្រោះអាសន្នខ្វះទឹកនៅឡើយដែរ។

ទាក់ទិនបញ្ហាប្រភពទឹក លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរ ដោយមានការចូលរួមពីចៅសង្កាត់និមិត្តចុះពិនិត្យទីតាំងដែលមានទឹកក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលនេះ អាចជាការឆ្លើយតបនឹងក្តីបារម្ភខ្វះទឹកនិងចង់ចង្អុលបង្ហាញថា នៅក្នុងភូមិសាស្ត្រសង្កាត់និមិត្តដែលស្ថិតនៅជិតអាងស្តុកទឹកនិងប្រព័ន្ធបណ្តាញផលិត បញ្ជូននិងចែកចាយទឹករបស់ក្រុមហ៊ុនអានកូ វ៉ធើរសឹបផ្លាយ ប៉ោយប៉ែត មានប្រភពទឹកធម្មជាតិលើដីជាច្រើនកន្លែង ។

នេះ អាចចង់បង្ហាញថា ក្រុមហ៊ុនផលិតទឹកស្អាតនេះ គួរឬក៏ត្រូវតែសិក្សា ស្រាវជ្រាវនិងស្វែងរកប្រភពទឹកសម្រាប់ការផលិតទឹកស្អាតរបស់ខ្លួន កុំដេករង់ចាំតែអាងស្តុក២កន្លែងដែលថាមាននិងពឹងលើមេឃភ្លៀងនោះ?

រីឯលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតវិញបានប្រាប់សារព័ត៌មានតាមទូរសព្ទនៅថ្ងៃទី១៤ខែកញ្ញាថា: ភូមិសាស្ត្រក្រុងប៉ោយប៉ែតមានមនុស្ស២០ម៉ឺននាក់ត្រូវការទឹកបរិភោគនិងទឹកប្រើប្រាស់ប្រចាំថ្ងៃ(ក្នុងនោះពលរដ្ឋរស់នៅអចិន្ត្រៃយ៍ប្រមាណ១០ម៉ឺននាក់និងស្នាក់នៅបណ្តោះអាសន្នចំនួនប្រមាណ១០ម៉ឺននាក់ដែរ)។

លោកគាត ហ៊ុល មានសុទិដ្ឋិនិយមថា: ការប្រកាសពីការខ្វះទឹកឆៅសម្រាប់ផលិតទឹកស្អាតនៅក្រុងប៉ោយប៉ែតនេះ កើតឡើងដដែលស្ទើររាល់ឆ្នាំ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនទឹកស្អាតនិងអ្នពាក់ព័ន្ធក៏សម្របសម្រួលដោះស្រាយបានជាបន្តបន្ទាប់មកដែរ។

បើតាមលោកគាត ហ៊ុល បញ្ហាខ្វះទឹកសម្រាប់ផលិតទឹកស្អាតនេះ អាចទៅដើរស្វែងរកប្រភពទឹកក្នុងអូរ ដៃអូរ ដៃស្ទឹង បឹងបួ ស្រះត្រពាំងក្នុងសង្កាត់និមិត្តក្រុងនេះ និងទៅរកមើលក្នុងភូមិសាស្ត្រឃុំទួលពង្រស្រុកម៉ាឡៃខាងនោះ ប្រាកដជាមានប្រភពទឹកឆៅសម្រាប់ផលិតទឹកស្អាត ដែលក៏អាចទ្រោលផ្គត់ផ្គង់យ៉ាងហោចក៏២សប្តាហ៍ដែរ ហើយបន្ទាប់ពីនោះ ក៏គង់មានភ្លៀងធ្លាក់មានទឹកឡើងវិញជាមិនខាន៕