ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានទទួលបដិសណ្ឋារកិច្ចស្ថានទូត នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ដឹកនាំដោយលោកហ្សាហ៊ី រុឌីន បាបារ ថាហ៊ឹម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ។
មន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ថា ក្នុងជំនួបនៅសាលប្រជុំ -ខសាលាខេត្តនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្ថានទូតប៉ាគីស្ថានបានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជននិងរដ្ឋាភិបាលទាំងពីរនិងដោយឡែកខេត្តបន្ទាយមានជ័យនិងស្ថានទូតប៉ាគីស្ថានប្រចាំកម្ពុជា ។
សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះ ក៏មានអភិបាលរងខេត្ត ក្រុង លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ស្នងការរងនគរបាលទទួលបន្ទុកនគរបាលអន្តោប្រវេសន៍ លោកមេបញ្ជាការរងកងរាអាវុធហត្ថខេត្ត មន្ត្រីរដ្ឋបាលនិងមន្ត្រីការិយាល័យទំនាក់ទំនងនិងកិច្ចសហប្រត្តិបត្តិការអន្តរជាតិសាលាខេត្តផងដែរ។
ឯខាងទូតប៉ាគីស្ថាន មានលោកឯកអគ្គរដ្ឋទូត លេខា និងសេនានុព័ន្ធទទួលជំនាញ។
ក្នុងនោះភាគីទាំងពីរបានលើកឡើងពីការប្រគល់ទទួលពលរដ្ឋប៉ាគីស្ថានម្នាក់ឈ្មោះហានិហ្វ.អាសាធ( HANIP ASAD ) ភេទប្រុស កើតឆ្នាំ១៩៩៩ ជាពលរដ្ឋនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ DE6787632 ។
ជននេះចង់មកធ្វើការនៅផ្នែកព័ត៌មានវិទ្យានៅកាស៊ីណូ១ ។ប៉ុន្តែជាក់ស្តែងមិនទាន់អាចធ្វើការងារទេ គឺគ្រាន់តែស្នាក់នៅបន្ទប់១នៃជាន់ទី២០ អគារជួលស្នាក់នៅ(មិនមែនជាអគារធ្វើការ) របស់ក្រុមហ៊ុនអានកូ ក្រុងប៉ោយប៉ែតប៉ុណ្ណោះ៕