ព័ត៌មានជាតិ

ឧបត្ថម្ភទីបញ្ជាការស្រាល២គោលដៅភារកិច្ចទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃអង់តែនខេត្តកំពង់ធំ

ដោយ : បន្ទាយ
កំពង់ធំ : នាំអំណោយថ្នាក់ដឹកនាំឧបត្ថម្ភជូនទីបញ្ជាការស្រាល២គោលដៅដែលបំពេញភារកិច្ចទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃអង់តែនក្នុងគម្រោងរ៉េតបូក ក្រោមជំនួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន នៅក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានទៅសាកសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនទីបញ្ជាការស្រាលចំនួន២ គោលដៅដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃអង់តែននៅក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

កម្មវិធីការពារធនធានធម្មជាតិនេះក្នុងគម្រោងរ៉េតបូកក្រោមជំនួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាង៤ខែ កន្លងមកនេះ ដែលទទួលបានលទ្ធផលល្អ  គឺគ្មានការកាប់ទន្ទ្រានព្រៃឈេីយកធ្វេីជាកម្មសិទ្ធិជាថ្មី ទាំងនៅភូមិសាស្ត្រប៉ែកខាងលេីខេត្ត  និងនៅប៉ែកខាងក្រោមខេត្ត ក្នុងតំបន់ព្រៃលិចទឹក ដែលកងកម្លាំងចម្រុះរបស់កំពុងធ្វើសកម្មភាពជាប្រចាំនិងសហការនឹងអាជ្ញាធរមានសមត្ថកិច្ចនានាក្នុងពេលកន្លងមក ។

ឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិកា ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនដែលជាជំនួយឧបត្ថម្ភដូចខាងលើ ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលទាំង២គោលដៅគឺ:ទី១-ទីបញ្ជាការស្រាលនៅស្នាក់ការរដ្ឋបាលព្រៃឈើតំបន់៤៤  និងទី២-ទីបញ្ជាការស្រាលប្រចាំការនៅទីស្នាក់ការរដ្ឋបាលព្រៃឈើតំបន់អូរតាព្រហ្ម   ក្នុងភូមិសាស្ត្រឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ ដេីម្បីលើកទឹកចិត្តអោយបន្ត ធ្វើសកម្មភាពបង្ការ ការពារ ទប់ស្កាត់និងបង្ក្រាប ៕