ដោយ៖ គង់ហេង
កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចធ្វើការផ្លាស់ប្តូរអភិបាលស្រុកចំនួនបួន នៅខេត្តកំពង់ចាម បន្ទាប់ពីពួកគាត់បានបំពេញតួនាទីមួយនេះអស់រយៈពេលប្រាំបីឆ្នាំ គឺស្មើនឹងពីរអាណត្តិរៀងៗខ្លួន។
ពិធីប្រកាសចូលកាន់មុខតំណែងបានរៀបចំបានធ្វើឡើងជាបន្តបន្ទាប់ដូចតទៅ៖
១/លោក អួត ឈាងលី ជាអភិបាលស្រុកជើងព្រៃ ត្រូវបានប្តូរមកកាន់មុខតំណែងជាអភិបាលស្រុកបាធាយ ជំនួសឯកឧត្តម ផេន សុផល ត្រូវឡើងតំណែងជាអភិបាលរងខេត្តកំពង់ចាម ដែលពិធីប្រកាសចូលកាន់មុខតំណែងបានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី៩ កញ្ញាកន្លងទៅ។
២/លោក ទុន ណេត ជាអភិបាលស្រុកស្ទឹងត្រង់ ត្រូវបានផ្លាស់ប្តូរមកជាអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលភារកិច្ចថ្មី។ ហើយពិធីប្រកាសចូលកាន់មុខតំណែងបានរៀបចំឡើងកាលពីរសៀលថ្ងៃទី ៩ កញ្ញា។
៣/លោក ប៊ុន ឡាដា ជាអភិបាលស្រុកកំពង់សៀម ត្រូវបានផ្លាស់ប្តូរមកជាអភិបាលស្រុកស្រីសន្ធរ ជំនួសលោក ស៊ីម គង់ ដែលត្រូវទទួលភារកិច្ចថ្មី ដែលពិធីប្រកាសចូលកាន់មុខតំណែងបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ១១ កញ្ញាម្សិលមិញ។
៤/លោក ស៊ីម គង់ ជាអភិបាលស្រុកស្រីសន្ធរ ត្រូវបានផ្លាស់ប្តូរមកជាអភិបាលស្រុកជើងព្រៃ ជំនួសលោក អួត ឈាងលី ដែលត្រូវផ្ទេរភារកិច្ចថ្មី ជាអភិបាលស្រុកបាធាយ ដែលពិធីប្រកាសចូលកាន់មុខតំណែងបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១១ កញ្ញានេះ៕