ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ដើម្បីរៀបចំការប្រឡងប្រណាំង លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានគ្រោងថវិកាប្រមាណ ១០០លានរៀលឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឳកាសដែលឯកឧត្តមបានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែងមុខតំណែង ជាអភិបាលរងខេត្តកំពង់ចាម នៅក្នុងសាលាខេត្តនេះកាលពីរសៀលថ្ងៃទី ១០ កញ្ញា កន្លងទៅនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ខេត្តបានរៀបចំតាក់តែងនូវឯកសារ ខ្លឹមសារជាគន្លឹះ ដើម្បីជំរុញឱ្យមានប្រឡងប្រណាំង ដំណើរការប្រកបដោយនិរន្តរភាព ទទួលបានមកវិញប្រកបដោយគុណភាព នៃការប្រឡងប្រណាំង។ ក្នុងនោះយើងបានរៀបចំជាសិក្ខាសាលា ប្រយោជន៍ទទួលបានធាតុចូល។ដោយបានអញ្ជើញមេឃុំ ចៅសង្កាត់ ស្មៀន ប្រធានមណ្ឌលសុខភាព នាយប៉ុស្ត៍នគរបាល បណ្តាអ្នកពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់មានមតិ យោបល់។ ហើយក៏បានប្រមូលយកនូវធាតុចូលទាំងអស់យកមករំលេចក្នុងឯកសារគន្លឹះរបស់យើង។
ឯកឧត្តមបានបន្ថែមថា៖ ក្នុងនោះឈានដល់ការបង្កើតបាននូវសៀវភៅណែនាំពីការទទួលបានជយលាភី ពីការប្រឡងប្រណាំង ដែលយើងគ្រោងនឹងដាក់ស្នើសុំការអនុម័តពីក្រុមប្រឹក្សាខេត្តនាពេលឆាប់ៗខាងមុខនេះ។ បន្ទាប់មកនឹងធ្វើការបោះពុម្ពផ្សព្វផ្សាយចែកជូនសៀវភៅនេះដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់។
ការប្រឡងប្រណាំងនេះ មិនមែនតែឃុំ សង្កាត់ទេ គឺជាការជំរុញឱ្យមានការចលនាដឹកនាំមួយទៀត គឺដឹកនាំថ្នាក់ក្រុង ស្រុក ប្រឡងប្រណាំងស្រុកនិងស្រុក។ បន្ទាប់មកមានការប្រឡងប្រណាំងអភិបាលរងខេត្តទទួលបន្ទុក តាមក្រុង ស្រុកនីមួយៗដឹកនាំ។
ឯកឧត្តមបានបន្តថា៖ នីតិវិធីជយលាភីលេខ ១ មានចំនួន ៥ ឃុំ,លេខ ២ មានចំនួន ៥ ឃុំ និងលេខ ៣ មានចំនួន ៥ ឃុំ។ អ៊ីចឹងខេត្តកំពង់ចាមមានឃុំ សង្កាត់សរុបចំនួន ១០៥ ។ ដូច្នេះឃុំ សង្កាត់ដែលទទួលបានជយលាភីមានតែចំនួន ១៥ ប៉ុណ្ណោះ។ កត្តានេះទាមទារឱ្យមានការខិតខំប្រឹងប្រែង។ ជាពិសេសស្រុក ក្រុង ឃុំ សង្កាត់ណាដែលមិនបានទទួលជយលាភីនឹងទទួលការពិន័យ ហើយបើបានជយលាភី នឹងទទួលបានប្រាក់រង្វាន់ច្រើនគួរសមដែរដោយយើងបានគ្រោងប្រមាណ ១០០លានរៀល ដើម្បីរៀបចំការប្រឡងប្រណាំងនេះ៕