សេដ្ឋកិច្ច

វេទិកាចំណេះដឹងពិភពលោក នឹងបញ្ជ្រាបការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតស្តីពីសហគ្រិនភាពអាស៊ាន

ដោយ៖សិរីមតី

ប្រទេសកូរ៉េ ៖ វេទិកាចំណេះដឹងពិភពលោកឆ្នាំ 2024 ដែលប្រារព្ធឡើងនៅ Inspire Entertainment Resort បានចាប់ផ្តើមឡើង ដោយសុន្ទរកថាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានផ្ដោតលើកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ជុំវិញប្រធានបទ «ដំណើរឆ្ពោះទៅរកការរួបរួម» ហើយក៏បានបញ្ជ្រាបការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតស្តីពីសហគ្រិនភាពអាស៊ានផងដែរ ។

ក្នុងឱកាសដ៏ឱឡារិកនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ក៏បានអញ្ជើញអមដំណើរសម្តេចតេជោ រួមជាមួយគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្ម ក្នុងនាមជាវាគ្មិន និងជាអ្នកទទួលរង្វាន់ ពីវេទិកាចំណេះដឹងពិភពលោក ដែលរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃមកនេះ។

វត្តមានរបស់គណៈប្រតិភូកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនេះ បានបង្ហាញពីឥទ្ធិពល និងការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់កម្ពុជាក្នុងការជំរុញភាពជាដៃគូអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងនៅលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានចូលរួមក្នុងវគ្គសំណួរ-ចម្លើយ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ហើយអ្នកឧកញ៉ាបានចែករំលែកការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីសហគ្រិនភាពអាស៊ាន។ សម័យប្រជុំរបស់អ្នកឧកញ៉ា ក្រោមប្រធានបទថា ”សហគ្រិនអាស៊ាន” ពិភាក្សាលើប្រធានបទផ្សេងៗ រួមទាំងឱកាសសម្រាប់កំណើនក្នុងតំបន់ បច្ចេកវិទ្យានាពេលអនាគត និងការផ្លាស់ប្តូរ ដែលនាំមកដោយទិដ្ឋភាពឌីជីថល ដែលកំពុងវិវឌ្ឍន៍នៅក្នុងអាស៊ាន។

ជាមួយនឹងការទទួលស្គាល់នូវស្នាដៃដ៏ឆ្នើម និងការដឹកនាំរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី បានជំរុញឲ្យអ្នកឧកញ៉ាបានទទួលពានរង្វាន់សហគ្រិនអាស៊ានលើកទី៩ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំសំណួរ-ចម្លើយនៃវេទិកាចំណេះដឹងពិភពលោក។ ពានរង្វាន់នេះជាការ ទទួលស្គាល់លើការបង្កើត និងដឹកនាំអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងថាមវន្តជាច្រើនរបស់អ្នកឧកញ៉ា សៀ ឫទ្ធីនៅក្នុងតំបន់អាស៊ាន។

លោក Kim Jae-shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយ ដែលមាន អ្នកឧកញ៉ា សៀ ឫទ្ធីចូលរួមជាមួយយើងនៅក្នុងវេទិកាឆ្នាំនេះ” ។

«ទស្សនវិស័យរបស់អ្នកឧកញ៉ា សៀ ឫទ្ធីលើការរីកចម្រើននាពេលអនាគត និរន្តរភាព និងនិន្នាការបង្ហាញពីលទ្ធភាពជាច្រើន សម្រាប់អ្នកដែលកំពុងស្វែងរកប្រតិបត្តិការនៅក្នុងតំបន់ឆ្ពោះទៅមុខ»។

គួរបញ្ជាក់ថា វេទិកាចំណេះដឹងពិភពលោក គឺជាសន្និសីទអន្តរជាតិឈានមុខគេ ដែលឧទ្ទិសដល់ការប្រែក្លាយប្រទេសកូរ៉េទៅជាប្រទេសដែលដឹកនាំដោយចំណេះដឹង។ តាមរយៈការប្រមូលផ្តុំនូវក្រុមអ្នកដឹកនាំគំនិត អ្នកជំនាញ និងអ្នកច្នៃប្រឌិតដ៏សម្បូរបែប វេទិកានេះបានក្លាយទៅជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ដែលរីកលូតលាស់លឿនបំផុតមួយនៅទូទាំងពិភពលោកចាប់តាំងពីវេទិកាបើកសម្ពោធក្នុងឆ្នាំ 2000 មក ៕