សន្ដិសុខសង្គម

រដ្ឋបាលស្រុកភ្នំស្រុកបំភ្លឺជូនបន្ទាប់ពីមានការរិះគន់ថាតើអភិបាលស្រុកភ្នំស្រុកដឹកនាំរបៀបនេះ តើឱ្យពលរដ្ឋមានក្តីសុខឬទេទាន!

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ «បើគ្រាន់តែរឿងផ្លូវសម្រាប់ពលរដ្ឋពីរគ្រួសារធ្វើដំណើរចេញចូលផ្ទះ បន្តិចបន្តួចសោះ គ្មានសមត្ថភាពដោះស្រាយជូនពួកគាត់ផងនោះ។ ប្រជាពលរដ្ឋប្តឹងសុំឱ្យអាជ្ញាធរស្រុកដោះស្រាយរាប់ខែគ្មានបានផលអ្វីបន្តិចសោះឡើយ តើឱ្យពលរដ្ឋពឹងអីទៀត…»។ នេះជាខ្លឹមសារសង្ខេបនៃអត្ថបទរិះគន់ដែលទើបបានចេញកាលពីថ្មីៗនេះ។

ជាការឆ្លើយតបរបស់រដ្ឋបាលស្រុកភ្នំស្រុកបានបំភ្លឺកាលពីថ្មីៗនេះថា ៖ ករណីខាងលើនេះ ជាករណីវិវាទដីធ្លី(បិទផ្លូវ)ដែលមានដើមបណ្ដឹងឈ្មោះ ជិន សេង និងឈ្មោះ ឈុត សារឹទ្ធ បានប្តឹងទាមទារសុំបើកផ្លូវពីឈ្មោះ ឈិវ សាវុន និងប្រពន្ធឈ្មោះ ឈីវ សុកូឡា មានទីតាំងនៅជាប់មាត់ស្ទឹងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ។ ករណីនេះអាជ្ញាធរបានធ្វើការដោះស្រាយដោយសម្របសម្រួលនៅថ្នាក់ភូមិ-ឃុំ ចំនួនពីរលើករួចមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលឯកភាពបញ្ចប់វិវាទឡើយ។

លុះមកដល់ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក រដ្ឋបាលស្រុកក៏បានទទួលដីកាអមបញ្ជូនរឿងលេខ០១០/២៤ ដកអ/ភដ របស់រដ្ឋបាលឃុំភ្នំដីស្តីពីករណីវិវាទខាងលើ ក្នុងនោះរដ្ឋបាលស្រុកអនុវត្តតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងក្នុងនាមគណៈកម្មការការសម្របសម្រួលវិវាទថ្នាក់ស្រុក បានធ្វើការសម្របសម្រួលចំនួន៣លើកទៀតគឺនៅតែពុំបានទទួលលទ្ធផលដូចខាងក្រោម៖

-លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ភាគីទាំងសងខាងមិនចុះសម្រុង និងឯកភាពបញ្ចប់វិវាទ។

-លើកទី២ នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ ភាគីទាំងសងខាងនិងអ្នកពាក់ព័ន្ធ នៅតែមិនចុះសម្រុងនិងឯកភាពបញ្ចប់វិវាទនោះទេ។

-លើកទី៣ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤   ភាគីទាំងសងខាងនិងអ្នកពាក់ព័ន្ធ នៅតែមិនចុះសម្រុងនិងឯកភាពបញ្ចប់វិវាទនោះទេ។

សូមជម្រាបជូនដែរថា នៅចន្លោះពេលនៃការសម្របសម្រួលពីមួយលើកទៅមួយលើកដោយមានរយៈពេលយូរនិងស្ងប់ស្ងាត់ ដោយសារភាគីចុងបណ្ដឹងឈ្មោះ ឈីវ សាវុននិងប្រពន្ធឈ្មោះ ឈីវ សុកូឡា បានប្រមូលផលស្រូវរួច និងរដូវប្រាំង ។

ឯភាគីដើមបណ្ដឹងឈ្មោះ ជិន សេង និងឈ្មោះ ឈុត សារឹទ្ធ អាចចេញចូលអាស្រ័យផលបានធម្មតា ។ ប៉ុន្តែលុះចូលដល់រដូវវស្សាធ្វើស្រូវពេញស្រែ ទើបភាគីទាំងសងខាងនេះចាប់ផ្តើមវិវាទឡើងវិញ។

រដ្ឋបាលស្រុកភ្នំស្រុកបានបន្តថា៖ ជាក់ស្តែងចូលដល់ថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹកថ្មីៗនេះ  ក្រុមការងារចម្រុះថ្នាក់ស្រុក ដឹកនាំដោយលោកជូ បុត្រ អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលវិវាទថ្នាក់ស្រុក បានចុះពិនិត្យទីតាំងដីជាក់ស្តែងនិងធ្វើការសម្របសម្រួលជាថ្មី ហើយបានការឯកភាពគ្នាជាបណ្តោះអាសន្ន។

គឺដោយភាគីចុងបណ្ដឹងឈ្មោះ ឈិវ សាវ៉ុន និងប្រពន្ធឈ្មោះ ឈីវ សុកូឡា អនុញ្ញាតឱ្យភាគីដើមបណ្ដឹងឈ្មោះ ជិន សេង និងឈ្មោះ ឈុត សារឹទ្ធ អាចចេញ-ចូលកាត់ដីរបស់ខ្លួនបានដើម្បីធ្វើការប្រមូលកសិផលស្រូវឱ្យរួចរាល់ និងរង់ចាំការសម្របសម្រួលជាបន្ត។

ចំពោះការលើកឡើងដោយដើមបណ្តឹងថា នៅចំណុចនោះមានផ្លូវបុរាណនោះ  រដ្ឋបាលស្រុកបានយោងមេភូមិ មេឃុំនិងចាស់ទុំក្នុងភូមិ ដែលបានបញ្ជាក់ថា ចំណុចនោះពុំមានផ្លូវបុរាណឬផ្លូវរទេះ ផ្លូវថ្មើរជើងអីដែរ ។

ម៉្យាងវិញទៀត ក្រោមការចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផង  លោកអភិបាលស្រុក នៅតែខិតខំសម្របសម្រួលរាល់បញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ។

ជាក់ស្តែងដូចជាករណីនេះភាគីទាំងសងខាងគឺសុទ្ធតែមានប័ណ្ណកម្មសិទ្ធិដីធ្លី(ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬប្លង់រឹង) រៀងៗខ្លួនរួចហើយដែរ (ដែលករណីនេះ គូភាគីគួរតែឬក៏បានដោះស្រាយវិវាទរួចហើយទើបជំនាញសុរិយោដី អាជ្ញាធរនិងគណ:កម្មការរដ្ឋបាលអាចបានវាស់វែងនិងចេញប្លង់ដីជូនបាន) ។

រដ្ឋបាលស្រុកបានបន្តទៀតថា : ករណីនេះ លោកអភិបាលស្រុក មិនមែនព្រងើយកន្តើយទេ គឺមានតែខិតខំព្យាយាមធ្វើការសម្របសម្រួលឱ្យអស់ពីលទ្ធភាព សមត្ថភាពក្នុងការសម្របសម្រួលដោះស្រាយតាមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ។ក្នុងនោះ មិនទាន់បញ្ជូនរឿងនេះទៅស្ថាប័នទទួលបណ្តឹងពាក់ព័ន្ធផ្សេងៗទៀតទេ ។

ចុងក្រោយ រដ្ឋបាលស្រុកភ្នំស្រុកក៏ស្នើសុំសារព័ត៌មាននិងបណ្តាញសង្គមឲ្យមុននឹងផុសឬចុះផ្សាយគួរជ្រាបច្បាស់ពីប្រវត្តិរឿង ឈរលើមូលដ្ឋាន និងប្រភពច្បាស់លាស់ គតិយុត្ត មិនលម្អៀងពីគ្រប់ភាគី ពោលគឺពីពលរដ្ឋជាគូវិវាទ ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពីព្រោះថា ការផ្សព្វផ្សាយព៍ត៌មានមិនពិតឬប្រឌិតឡើងពីភាគីតែម្ខាក្នុងន័យបំផ្លើស បំភ័ន្ត មួលបង្កាច់បង្ខូចកេរ្តិ៍អាចបង្កឲ្យមានការភ័ន្តច្រឡំដល់សារធារណជន ជាការធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។ជាពិសេសវាបានធ្វើឲ្យខូចខាតទឹកចិត្តនិងកិច្ចខិតខំប្រឹងរបស់មន្ត្រីក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពចំពោះមុខតួនាទី ភារកិច្ច ក៏ដូចជាបម្រើសេវាជូនប្រជាពលរដ្ឋ៕