សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។
ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។ បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ពន្ធចង្កានៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានការត្រេកអរដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើមក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុលកាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះនៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុងស្ថានភាពហានិភ័យខ្ពស់៕
អត្ថបទ: លោក យី សុថា