ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យបង្ហាញនូវភ្ញៀវទេសចរក្នុងស្រុកទៅទស្សនាប្រាសាទតាមាន់ធំ បន្ទាប់ពីមានការផ្សាយថាប្រាសាទនេះគ្រប់គ្រងដោយភាគីថៃ

ដោយ : បន្ទាយ

ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យបានព្យាយាមបង្ហាញថា ភ្ញៀវទេសចរក្នុងស្រុកទៅទស្សនាប្រាសាទតាមាន់កាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៤ ។ប្រាសាទនេះស្ថិតនៅលើខ្នងជួរភ្នំដងរែក ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទល់មុខភូមិតាមឿ នឃុំ-ស្រុកបានគ្រួតខេត្តបូរីរ៉ាំប្រទេសថៃ ។

ការបង្ហាញនេះ  បន្ទាប់ពីវិទ្យុផ្សាយជាភាសាខ្មែរដែលមាននិន្នាការប្រឆាំងនិងឧបត្ថម្ភដោយបរទេសមួយបានផ្សាយថា ប្រាសាទនេះបានរអិលទៅស្ថិតក្រោមគ្រប់គ្រងដោយភាគីថៃ​ និងមួយទៀតបន្ទាប់ពីមន្ត្រីយោធាម្នាក់ដែលឈរជើងការពារនៅប្រាសាទនោះបាននិយាយថា កងទ័ពភាគីថៃដែលឈរជើងគ្រប់គ្រងរួមគ្នាជាមួយកម្ពុជានៅចំណុចប្រាសាទនោះ បានដាំបង្គោលបេតុង១ ដាក់កម្រិតឬបន្ទាត់ក្រហមមិនអោយភាគីកម្ពុជាឬភ្ញៀវពីកម្ពុជាដើរឆ្លងហួស ដោយសំអាងថាចូលក្នុងទឹកដីថៃ។

មន្ត្រីយោធានោះនិយាយថា : បើបងបងប្អូន(ភ្ញៀវទេសចរ) ដើរហួសពីបង្គោល(ដែលគេទើបដាំ)នោះ ថៃគេស្តីឲ្យលោកហើយ(ចូលបូរណភាពទឹកដីថៃ )។

លោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៤ថា: “បងប្អូនប្រជាពលរដ្ឋស្រុកត្រពាំងប្រាសាទ ធ្វើដំណើរជាង២០០គីឡូម៉ែត្រដើម្បីទស្សនាប្រាសាទតាមាន់ ដោយសេចក្តីសប្បាយរីករាយនិងពោរពេញដោយមោទនភាពបំផុត បន្ទាប់ពីទស្សនាប្រាសាទដូនតាខ្មែរដ៏ពិសិដ្ឋ”។

លោកបានបន្ថែមនូវការអំពាវនាវថា :  សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកទស្សនាប្រាង្គប្រាសាទកេរដំណែលដូនតាខ្មែរយើង។

លើសពីនេះលោកមាន ចាន់យ៉ាដា បានបង្ហាញរូបភាពវីដេអូសម្ភាសន៍ពលរដ្ឋចាប់អារម្មណ៍និងមានមោទនភាពដែលបានឡើងទៅទស្សនាប្រាសាទតាមាន់ដែលជាកេរតំណែលដូនតាខ្មែរ ហើយបច្ចុប្បន្នកម្ពុជាគ្រប់គ្រង ទោះបីជាវាស្ថិតនៅលើខ្នងភ្នំនិងខណ្ឌព្រំដែនក៏ដោយ។

ទោះយ៉ាងណា ពលរដ្ឋដែលជាភ្ញៀវ បាននិយាយថា : ពួកគេទើបតែបានទៅទស្សនាប្រាសាទតាមាន់ជាលើកទី១ប៉ុណ្ណោះ បីទោះបីជាពួកគេមានទីលំនៅនិងរស់នៅនៅខេត្តឧត្តរមានជ័យ ហើយប្រាសាទក៏ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែរនោះ ។

ទោះបីមិនបាននិយាយចំៗឬចង់ឆ្លើយបកទៅការផ្សាយចោទប្រកាន់ខុសពីការពិតនោះក៏ដោយ ក៏លោកមាន ចាន់យ៉ាដា អាចមានចេតនានិងបំណងបញ្ជាក់ថា: ប្រាសាទតាមាន់(សំដៅលើប្រាសាទតាមាន់ធំឬតាមន្តធំ) ស្ថិតនៅលើខ្នងជួរភ្នំដងរែក ចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃនោះក៏គ្រប់គ្រងដោយកម្ពុជាដដែលដូចមុនទេ។ វាមិនមែនត្រូវបានធ្លាក់ចូលទៅទឹកដីថៃ ហើយគ្រប់គ្រងដោយថៃផ្តាច់មុខនោះឡើយ ។

ប៉ុន្តែ យោងប្រភពនានានិងស្ថានភាពជាក់ស្តែង ក្នុងក្រុមប្រាសាទតាមាន់មានប្រាសាទតាមាន់ធំ ដែលពីឆ្នាំ១៩៩៧ មកបានគ្រប់គ្រងរួមគ្នាដោយកងកម្លាំងកម្ពុជានិងថៃ ។

លុះអំឡុងខែកក្កដាឆ្នាំ២០០៨ មានការប៉ះទង្គិចគ្នាតាមព្រំដែនរវាងកងកម្លាំងកម្ពុជានិងថៃ ដោយសារថៃតវ៉ានិងរំលោភលើបូរណភាពទឹកដីកម្ពុជា ពេលកម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅទីក្រុងកេបិច ប្រទេសកាណាដានោះ  ប្រាសាទតាមាន់ធំនេះនិងប្រាសាទតាក្របី(ថៃហៅប្រាសាទតាខ្វាយ ប្រែថាក្របី)ស្ថិតនៅលើខ្នងជួរភ្នំដងរែកដែរនាភូមិហាលៀមសែនជ័យឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ទល់មុខឃុំ-ស្រុកភ្នំដុងរ៉ាក់ខេត្តសុរិន្ទ ប្រទេសថៃ ត្រូវបានកងកម្លាំងទាំងពីរភាគីគឺកម្ពុជានិងថៃឈរជើងតែរៀងៗខ្លួនការពារឬគ្រប់គ្រងប្រាសាទនិងទឹកដីព្រំដែនជុំវិញនោះ ឬអាចនិយាយថា ប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី(សង់ពីថ្មភក់) គ្រប់គ្រងរួមគ្នាដោយកម្ពុជា ថៃ។

ចំណែកក្នុងក្រុមប្រាសាទតាមាន់នោះ  មានប្រាសាទដ៏សំខាន់២ទៀតគឺប្រាសាទតាមាន់តូចនិងប្រាសាទថ្មបាយក្រៀមនៅជាប់គ្នានោះ ត្រូវបានថៃចាប់យកនិងគ្រប់គ្រង់ផ្តាច់មុខ ។ថៃហៅប្រាសាទតាមាន់ថា ប្រាសាទតាមឿន ។

ប្រាសាទទាំងបីនេះ [តាមាន់ធំ តាមាន់តូច(សង់ពីថ្មភក់)  និងប្រាសាទបាយក្រៀម(សង់ពីថ្មបាយក្រៀម)] នោះ កាលពីមុនឆ្នាំ១៩៩៧ គឺបន្ទាយឈរជើងនិងគ្រប់គ្រងរបស់កងទ័ពខ្មែរក្រហម មានលោកឧត្តមសេនីយ៍នាក់ វង្ស ជាមេទ័ព ។នៅក្បែរនោះ ប្រាសាទដំរីទ្រោម(សង់ពីថ្មភក់) ដែលគ្រប់គ្រងផ្តាច់មុខដោយកម្ពុជា។

សូមបញ្ជាក់ដែរថា ក្រុមប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅស.វទី១១ ដល់ទី១៣ រជ្ជកាលនិងស្នាព្រះហស្ដព្រះបាទជ័យវរ្ម័នទី៧។

ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាមន្តសែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ក៏មានប្រាសាទដំរីទ្រោម នៅក្បែរនោះ និងមានចម្ងាយ១៣គីឡូម៉ែត្រ ពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែក ។

យោងឯកសារព្រឹទ្ធាចារ្យដែលរស់និងថែនៅប្រាសាទនេះបានបញ្ជាក់ថា : កាលដើមឡើយប្រាសាទតាមាន់ទាំមូលមានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជាប្រាសាទតាមន្តនិងតាមាន់រហូតមកដល់សព្វថ្ងៃនេះ ។

ក្រុមប្រាសាទតាមាន់ជាទីតាំងសក្ការបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ(ខេត្តភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន)។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនា៕