ដោយ៖ កំចាយ
កំពត÷ ក្រុមការងាររបស់ក្រសួងទេសចរណ៍សម្រាប់រៀបចំពិធីសង្ឃឹមថាបុណ្យសមុទ្រនៅខេត្តកំពតនឹងមានភាពអធិកអធមជាងបណ្តាឆ្នាំមុនៗ។ ការព្យាករណ៍បែបនេះដោយផ្អែកលើសក្តានុពលដែលខេត្តកំពតមានស្រាប់ ពិសេសសមិទ្ធផលថ្មីៗទើបនឹងបានកើតឡើង។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា ថ្មីៗនេះ គណៈប្រតិភូក្រសួងទេសចរណ៍សម្រាប់ការងាររៀបចំពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣ និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានចុះពិនិត្យទីតាំងដើម្បីឱ្យដំណើរការកម្មវិធី។
ក្នុងដំណើរចុះពិនិត្យ ប្រតិភូក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធបានសំដៅលើទីតាំង៣កន្លែង គឺឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូដល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយ បរិវេណរង្វង់មូលរូបសំណាកផ្លែទុរេនភ្ជាប់ជាមួយពហុកីឡដ្ឋានខេត្ត និងសួនច្បារព្រះបាទអង្គឌួងដល់រង្វង់មូលរូបសំណាកត្រីផ្សោត។
លោកប្រធានមន្ទីរបានបន្តថា ក្រុមការងាររបស់ក្រសួងបានបញ្ជាក់ថាទីតាំងទាំង៣កន្លែងមានអំណោយផលល្អ បរិស្ថានប្រកបដោយភាពទាក់ទាញ ហើយនៅកៀកៗគ្នាងាយស្រួលក្នុងការធ្វើដំណើរទស្សនា។ លើសពីនេះ សមិទ្ធផលថ្មីៗរបស់ខេត្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ព្រមទាំងនាឡិកាខ្នាតធំនឹងជួយឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១កាន់តែទាក់ទាញបន្ថែមទៀត។
លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់បុណ្យសមុទ្រនេះនៅមិនទាន់ដឹងលម្អិតអំពីព្រឹត្តិការណ៍ត្រូវរៀបចំឡើងទំហំប៉ុនណា ហើយមានកម្មវិធីអ្វីខ្លះដើម្បីទាក់ទាញកម្រិតណានោះទេ តែប្រតិភូក្រសួងដែលបានចុះមកសិក្សាទីតាំងបញ្ជាក់ថានឹងធ្វើឱ្យធំ ល្អ ប្លែក ហើយទាក់ទាញជាងបុណ្យសមុទ្រឆ្នាំមុនៗ។ ជាគម្រោងអាចនឹងមានសកម្មភាពកម្សាន្តសប្បាយតាមរយ:ការសម្តែងបង្ហាញនៅលើអាកាស លើទឹក និងលើគោក ការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍របស់ខេត្ត និងកម្ពុជាទៅកាន់ពិភពលោក បំណងទាក់ទាញភ្ញៀវជាតិ ពិសេសទេសចរអន្តរជាតិឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជា។
លោកប្រធានមន្ទីរបានប្រាប់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានសម្រេចប្រារព្ធពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣នៅខេត្តកំពតដោយកំណត់យកថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ដូច្នេះ ម្ចាស់សណ្ឋាគារ រីស៊ត បឹងហ្គាឡូ ផ្ទះសំណាក់ អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ត្រូវពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យបរិស្ថាន និងរក្សាភាពស្មោះត្រង់ចំពោះអតិថិជនដើម្បីឲ្យពិធីបុណ្យសមុទ្របានផ្សព្វផ្សាយនូវកិត្យានុភាព សេចក្តីថ្លៃថ្នូរ វប្បធម៌នៃការរស់នៅ សក្តានុពល និងការអភិវឌ្ឍរបស់សង្គមកម្ពុជាទៅកាន់ពិភពលោកទាំងមូល៕