ព័ត៌មានជាតិ

វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីដោះស្រាយសំណូមពរនិងស្វែងរកផលប្រយោជន៍រួម

ដោយ : បន្ទាយ

ភ្នំពេញ ៖កាលពីព្រឹក ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណ:របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ពងទឹក ក្រោមអធិបតីភាព លោករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ។

នៅក្នុងពិធីនោះរួមដំណើរដោយលោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ លោកស្រី គឹម ញិប អភិបាល នៃគណ:អភិបាលខណ្ឌដង្កោ ជាអនុប្រធានក្រុមការងារ និងរួមទាំងលោក លោកស្រីជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ និងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ព្រមទាំងសមាជិក សមាជិកាចំនួនជិត៧០០នាក់។

តាមរយៈវេទិកាគឺបានផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ។

ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងសំណើចំនួន ៣៤សំណើ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ក្នុងមូលដ្ឋាន ដាក់ជូនគណៈអធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និងលាយលក្ខណ៍អក្សរ ចំនួន ៣១សំណូមពរ ដោយគណៈអធិបតី រួមនិងក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយ តាមសំណើនីមួយៗ របស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះលោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវអាហារសម្រន់ចែកជូនដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងអង្គវេទិកា បានបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕