កីឡា

ខេត្តកែបនឹងទទួលរៀបចំព្រឹត្តិការណ៍កីឡាជាតិលើវិញ្ញាសាទ្រីយ៉ាត្លុង

ដោយ៖ កំចាយ

កែប÷ ខេត្តកែបនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២លើផ្នែកវិញ្ញាសាទ្រីយ៉ាត្លុង ចន្លោះពីថ្ងៃ៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែបមានបើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ ព្រមទាំងកីឡាជាតិជនពិការលើកទី២។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ ព្រមទាំងកីឡាជាតិជនពិការលើកទី២នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ រាជធានី-ខេត្តនីមួយៗត្រូវទទួលបន្ទុករៀបចំការរត់ភ្លើងគប់នោះ។ លោករដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសខេត្តកែបឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងផ្អែកលើសក្តានុពល និងទីតាំងភូមិសាស្ត្រអំណោយផលសម្រាប់ប្រភេទកីឡាទ្រីយ៉ាងត្លុង។ ចំពោះការរត់ភ្លើងគប់ ខេត្តកែបកំណត់ធ្វើនៅថ្ងៃទី៥ ខែតុលាខាងមុខ រួចខេត្តព្រះសីហនុ និងខេត្តបន្តបន្ទាប់ទៀត។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ស្ថិតក្រោមប្រធានបទ «ព្រឹត្តិការណ៍កីឡាជាតិអបអរសាទរព្រែកជីកហ្វូណនតេជោ»។ ព្រឹត្តិការណ៍ប្រកួតកីឡាទាំងនេះនឹងបន្តផ្សព្វផ្សាយយុទ្ធនាការសំខាន់ៗចំនួន៥ រួមមាន ១.កីឡារស់ក្នុងសន្តិភាព, ២. ពលរដ្ឋម្នាក់លេងកីឡា១ប្រភេទប្រចាំជីវិត, ៣. កីឡាគ្មានគ្រឿងញៀន កីឡាគ្មានផ្សែងបារី, ៤. កីឡាបៃតង កីឡាស្អាតស្អំ, ៥. កីឡាគ្មានសារធាតុដូប៉ា។

ជាមួយនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា រដ្ឋបាលខេត្តកែបនឹងរៀបចំទាំងការរត់ភ្លើងគប់ និងសហការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងឲ្យបានល្អ ហើយគគ្រឹកគគ្រេង មានអ្នកចូលរួមអបអរ និងគាំទ្រច្រើនជាងព្រឹត្តិការណ៍ប្រកួតកីឡានាពេលមុនៗ។ តាមរយៈការរៀបចំប្រកួតកីឡាជាតិនេះ រដ្ឋបាលខេត្តចង់បង្ហាញអំពីកិច្ចអភិវឌ្ឍរីកចម្រើន និងសក្តានុពលទេសចរណ៍ផងដែរ។ លោកអភិបាលខេត្តបានបន្តថា ការរត់ភ្លើងគប់ រដ្ឋបាលខេត្តនឹងធ្វើនៅឆ្នេរខ្សាច់ស្រលាញ់ខេត្តកែប។ ឯការប្រកួតកីឡាទ្រីយ៉ាងត្លុងត្រូវរៀបចំនាឆ្នេរអង្កោលដើម្បីបង្ហាញពីសមិទ្ធផលថ្មីៗរបស់ខេត្តកែបដែលមាននៅទីនោះ៕