សន្ដិសុខសង្គម

កម្មកររោងចក្រកាត់ដេររMLនាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ផ្ទុះការតវ៉ាថាប្រាក់ឈ្នួលបើកមិនទៀង

ដោយ : បន្ទាយ
បន្ទាយមានជ័យ : កម្មករខ្ទង់រយនាក់នៅរោងចក្រមួយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានលើកគ្នាតវ៉ាដោយបានចោទប្រកាន់ថា ថៅកែជាជនជាតិចិនរបស់រោងចក្រមួយនេះ បើកប្រាក់ឈ្នួលមិនទៀងទាត់ដល់ពួកខ្លួន គឺរោងចក្រកាត់ដេរសម្លៀកបំពាក់១ឈ្មោះអឹមអិលអ៊ិនធីមេតអឹភែរីល (ML INTIMATE APPAREL (CAMBODIA Co.,Ltd ) ក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង(POSEZ :Poipet O’Neang Special Economic Zone ) ស្ថិតនៅជិតផ្លូវ៥០ម៉ែត្រ ភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្មករ កម្មការិនីបានលើកហេតុផលថា : ការបើកប្រាក់ឈ្នួលរបស់ពួកខ្លួនមិនទៀងទាត់បែបនេះ វាបានបង្កផលប៉ះពាល់ដល់ជីវភាព ក៏ដូចជាសម្រាប់ការទូទាត់បន្តរបស់ពួកខ្លួនទៅលើថ្លៃហូបចុក ថ្លៃជួលបន្ទប់និងបង់ទឹកភ្លើង ការចំណាយផ្សេងៗ ។

កម្មករបានបន្តថា :ហេតុនេះ សូមអាជ្ញាធរដែនដី មានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:សូមជូយអន្តរាគមន៍ ពិនិត្យ ដោះស្រាយជាមួយនិយោជក(ថៅកែ)រោងចក្រនេះផង ព្រោះថា តាមកិច្ចសន្យាជាមួយសហជីព និងអន្តរក្រសួង រួមមានក្រសួងការងារជាសមត្ថកិច្ចត្រួតពិនិត្យគឺភាគីម្ចាស់ឬនិយោជកនៃរោងចក្រ ត្រូវគោរពគោលការណ៍បើកប្រាក់ឈ្នួល២លើកក្នុង១ខែៗ ។

ប៉ុន្តែ រោងចក្រនេះ បែរជាបំបែកនិងបន្លាយទៅជាបើក៣-៤ដងក្នុង១ខែ ហើយបន្លាយយឺតយ៉ាវចូលដល់ខែថ្មីអស់ជាច្រើនថ្ងៃទៀត ។

ដោយសារការលើកគ្នាតវ៉ាជារូបភាពរសើប ហើយក្នុងស្រុកមិនចង់ឲ្យមានបែបទាល់តែសោះ ទើបមុនគេបង្អស់ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានប្រញាប់ចេញទៅណែនាំថា សូមបងប្អូនកូនក្មួយកម្មករ កម្មការិនី បង្ការប្រុងប្រយ័ត្ន កុំឲ្យសកម្មភាពនេះវាប្រែទៅការតវ៉ាខុសច្បាប់និងធ្លាក់ចូលក្នុងហេតុផលផ្សេង។

ករណីនេះ ប្រភពពីខាងនិយោជករោងចក្របានឲ្យដឹងថា: ដោយសារមានផលវិបាកនិងហេតុផលខ្លះៗខាងសេដ្ឋកិច្ច ក៏ដូចជាសំណូមពរកម្មករខ្លះ ទើបខាងរោងចក្របានសម្រួលនូវការបើកប្រាក់ឈ្នួលជូនកម្មករពី២លើកក្នុង១ខែទៅជា៣-៤ដងក្នុង១ខែ ក្នុងមួយរយ:កាលមកនេះ។

លុះមកទល់ល្ងាចថ្ងៃទី៧ខែកញ្ញា ប្រភពពីកម្មករដែលលើកគ្នាតវ៉ានិងអ្នកធ្វើការទាក់ទងនឹងនិយោជកបានឲ្យដឹងថា: ខាងរោងចក្រសុំការយោគយល់ពីកម្មករ កម្មការិនីលើការបើកប្រាក់ឈ្នួលនេះ ។ការបើកនៅតែបើកគ្រប់ចំនួនទៀងទាត់ដដែលទេ គ្រាន់ប្តូរទៅជាច្រើនដងនិងលើសថ្ងៃបន្តិច ដូចជាប្រាក់ឈ្នួលខែសីហា អាចនឹងបើកនៅម្តុំថ្ងៃទី១០ខែកញ្ញា៕