ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពីការបង្កាត់សិប្បនិម្មិតគោដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំ

ដោយ : បន្ទាយ

កំពង់ធំ÷សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក (CABBA) សហការជាមួយក្រុមហ៊ុន អេសវី រេញ អ៊ិនវេសម៉ិន(SV Ranch Investment Cambodia) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្កាត់សិប្បនិម្មិតគោ ដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំ។នេះបើតាមអ្នកសម្របសម្រួលវគ្គបានឲ្យដឹងកាលពីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២៤ ។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងថា បំណងនៃវគ្គនេះគឺដើម្បីផ្តល់ជូនដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅក្នុងខេត្ត ឱ្យមានការងារធ្វើប្រកបដោយភាពត្រឹមត្រូវ។

លោក នី ផាន់ណេង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេសវីរេញ អ៊ិនវេសម៉ិន(SV Ranch Investment Cambodia) បានឲ្យដឹងថា: យោង បន្ទាប់ពីមានលិខិតអនុញ្ញាតបង្កើតកសិដ្ឋានចិញ្ចឹមគោ កសិដ្ឋានអេសវី (SV RANCH) និងអូអឹមអេស (OMS RANHC) ជាកសិដ្ឋានក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ។

កសិដ្ឋានចិញ្ចឹមគោពូជប្រាម៉ាន់នេះ សព្វថ្ងៃមាននៅក្នុងខេត្តកែប ខេត្តក្រចេះប្រទេសកម្ពុជា និងមានកសិដ្ឋាននៅទីក្រុងប៉ាត់តាយ៉ា ខេត្តឈុនបូរីប្រទេសថៃមួយផងដែរ។

លោកបានបញ្ជាក់ពីគោលដៅសំខាន់ៗដូចជា៖ អភិវឌ្ឍ និងលើកកម្ពស់ការបង្កាត់ពូជគោប្រាម៉ាន់ទាំងបរិមាណនិងគុណភាព។ ពង្រឹងសមត្ថភាពកសិករខ្នាតតូចឲ្យមានជំនាញចិញ្ចឹមគោប្រាម៉ាន់តាមបែបវិទ្យាសាស្រ្តទំនើប។

លោកគ្រូ អាន លីហ៊ាន់ នាយកប្រតិបត្តិ នៃសមាគមអ្នកអភិវឌ្ឍន៍គោប្រាម៉ាន់កម្ពុជា-សហរដ្ឋអាមេរិកបានបង្ហាញពីសេវាកម្មសំខាន់ៗ គឺការបណ្តុះបណ្តាលពេទ្យសត្វសហគមន៍ក្នុងជំនាញបង្កាត់សិប្បនិម្មិត ដើម្បីបង្កើនផលិតកម្មគោសាច់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។

សង្ឃឹមឬរំពឹងទុកថាសិក្ខាកាមនៃវគ្គខ្លីនេះក៏អាចទទួលបានចំណេះជំនាញបានខ្លះដែរ រួចយកវាទៅអនុវត្តនិងពង្រីកជាជំនាញរបស់ខ្លួននៅក្នុងមូលដ្ឋាន ៕