ដោយ៖កំចាយ
កំពត÷ ខណ:ពេលកំពុងធ្វើដំណើរស្របគ្នា ម៉ូតូមួយគ្រឿងបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យម៉ូតូមកពីក្រោយបុកពេញទំហឹងរហូតបុរសម្នាក់បានបាត់បង់ជីវិត ចំណែកយុវជននិងកុមារម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា៖ បុរសដែលបានស្លា.ប់ឈ្មោះ ជួប ជឿន អាយុ ៧១ឆ្នាំ មានទីលំនៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹឈូ ខេត្តកំពត។ ចំណែកកុមារត្រូវជាចៅរួមដំណើរជាមួយឈ្មោះ ជា គឹមឈន អាយុ ១៩ខែ។ ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ ណៅ ទិត អាយុ ២៦ឆ្នាំ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
លោកអធិការបានបញ្ជាក់ថា កាលពីម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី៣ ខែកញ្ញា គេឃើញម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានកុមារម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចផ្លូវខ្វែង ម៉ូតូនោះបានបត់ឆ្វេងក៏ត្រូវម៉ូតូមួយគ្រឿងមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យដួលទាំងសងខាង។
លោកវរសេនីយ៍បានបញ្ជាក់ទៀតថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញទាំង៣នាក់រងរបួសធ្ងន់ទើបហៅរថយន្ដដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ជាអកុសល បុរសវ័យចំណាស់រូបនោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ៕