សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្រោយបានទទួលព័ត៌មានពីសន្តិសុខថាមានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ស្ថិតនៅចំណុចមុខកាស៊ីណូអាត់ប៊ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ​ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងថា: ជនសង្ស័យ ១-ឈ្មោះ ពៅ អឿយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ,​ ២-ឈ្មោះ ជឺម សារ៉េត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត។ ជនសង្ស័យទាំង២នាក់​ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​ចាប់យកវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (ទឹកកក)ចំនួន ០៥ថង់កិប ទម្ងន់១,៥៤ក្រាម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនពិតមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី០១​ ខែកញ្ញា​​ ឆ្នាំ២០២៤ដើម្បីអនុវត្តតាមនីតិវិធី៕