ព័ត៌មានជាតិ

ជំរុញពង្រឹងការងារប្រយុទ្ធនឹងជំងឺឆ្លងជំងអុតស្វាអ៊ឹមផក( Mpox)  និងជំងឺឆ្លងផ្សេងទៀត, បង្ការការពារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ក្រុមការងារឆ្លើយតបបន្ទាន់(RRT) , មន្រ្តីចត្តាឡីស័កនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវេជ្ជបណ្ឌិត ចេ ពីចិត្ត អនុប្រធានមន្ទីរ-ប្រធានក្រុមឆ្លើយតបបន្ទាន់បានចុះត្រួតពិនិត្យនិងពង្រឹងការងារគ្រប់គ្រង កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ បានតាមដាន ត្រួតពិនិត្យសុខភាពអ្នកដំណើរនិងភ្ញៀវទេសចរនៅគោលដៅចត្តាឡីស័កនាច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ប្រភពព័ត៌មានបានឲ្យដឹងកាលពីថ្ងៃទី០១ខែកញ្ញាថា: សកម្មភាពនោះក៏មានការចូលរួមសហការយ៉ាងជិតស្និទ្ធពីកងកម្លាំង សមត្ថកិច្ចពាក់ពន្ធ័ ពិសេសមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នគរបាលផ្នែកទិដ្ឋាការច្រកទ្វារក្នុងការបិទផ្សព្វផ្សាយសារអប់រំសុខភាព តាមទីកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ -ចូលប្រទេស ការចែកខិត្តប័ណ្ណ និងការងារទំនាក់ទំនងព័ត៌មានទៅគ្នាទៅវិញទៅមក រាល់គ្រប់ព័ត៌មានអ្នកដំណើរណា ដែលមានបញ្ហាសុខភាព សង្ស័យមានជំងឺឆ្លងដើម្បីធ្វើការត្រួតពិនិត្យសុខភាពរបស់ពួកគាត់ ។

មន្ត្រីបានបន្តថា : ជាលទ្ធផលក្រុមការងារបានប្តេជ្ញាខិតខំធ្វើការការពារនិងបង្ការជំងឺឆ្លងទាំងឡាយនិងពិសេសជំងឺអ៊ុតស្វាឲ្យបានល្អប្រសើរ ដើម្បីសុខភាពសាធារណៈរបស់ប្រជាជនយើង ។

សូមបញ្ជាក់ថា ជំងឺអុតស្វា ឬអ៊ុតស្វា (Mpox) ធ្លាប់ត្រូវបានគេស្គាល់ថា (monkeypox) គឺជាជំងឺធ្ងន់ធ្ងរបង្កឡើងដោយវីរុសដែលអាចកើតមានឡើងទៅលើមនុស្ស និងពពួកសត្វមួយចំនួន។

រោគសញ្ញានៃជំងឺនេះរួមមាន៖ គ្រុនក្តៅ ហើមកូនកណ្តុរ និងស្នាមកន្ទួលៗដែលបង្កជាពងបែក ហើយបន្ទាប់មកប្រែជាសម្បកកន្ទួលក្រៀមលើស្បែក៕