ដោយ : បន្ទាយ
កំពង់ឆ្នាំង៖ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ចំពោះកិច្ចការដីធ្លី លោកចាត់ទុកថាជាកិច្ចការដ៏សំខាន់ចាំបាច់ដែលត្រូវចុះបញ្ជីដីធ្លីឱ្យបានចប់រួចរាល់នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភានេះ ពោលគឺដើម្បីបញ្ចប់វិវាទដីធ្លីនៅប្រទេសកម្ពុជា ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលយើងបានវាស់វែងដីធ្លីនិងចុះបញ្ជីជូនប្រជាពលរដ្ឋកម្ពុជាបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីឈានទៅប្រារព្ធខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងដូចនេះ ខណៈលោកចុះពិនិត្យជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដាឃុំនានាក្នុងស្រុកជលគីរី, កំពង់លែង និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា នាឱកាសនោះ ក៏មានការចូលរួមអមដំណើរដោលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ស្រុកនិងឃុំផងដែរ។
បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថា :”គ្មានពេលវេលាណាដែលល្អជាងពេលនេះទៀតទេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ដែលផ្ដល់ឱកាសឱ្យយើងអាចរៀបចំស្រុកទេសឱ្យបានល្អប្រសើរ..’។
គួររំលេចថា ការចុះបញ្ជីដីធ្លីពិតជាមានសារ:ប្រយោជន៍ណាស់ សម្រាប់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លី ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ក្នុងគោលបំណងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ៕