ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែងកាន់តែមានសោភ័ណភាពទាក់ទាញជាងមុន

ដោយៈសុខុម

ស្ទឹងត្រែងៈ បន្ទាប់ពីឯកឧត្តម សរ សុពុត្រា មកកាន់មុខតំណែងជាអភិបាលខេត្តស្ទឹងត្រែងឃើញថាមានការដឹកនាំដាក់ចេញនូវផែនការជាច្រើនដើម្បីផ្លាស់​ប្តូរបរិបទទម្លាប់និងការអភិវឌ្ឍឱ្យមានភាពរីកចម្រើនទៅមុខ។

(ឯកឧត្តម សរ សុពុត្រា មកកាន់មុខតំណែងជាអភិបាលខេត្តស្ទឹងត្រែង)

ត្រឹមតែជាង២ខែប៉ុណ្ណោះយុទ្ធសាស្រ្តរបស់អភិបាលខេត្តថ្មីដឹកនាំមន្រ្តីរាជការក្នុងខេត្ត  មានស្នាដៃជាច្រើន។លោកអភិបាលខេត្តបានជំរុញទៅដល់ថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗធ្វើការងារផ្តោតជាសំខាន់ផ្អែកលើលទ្ធផលទទួលបាន មិនត្រូវអសកម្មការងាររបស់ខ្លួនឡើយ។

លោកអភិបាលខេត្តជំរុញឱ្យធ្វើការងារទៅតាមលទ្ធភាពនិងសមត្ថភាព។ ជាមួយនោះក៏មានវិធានការជាច្រើនដែលលោកបានដាក់ចេញនិងអនុវត្តន៍ ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងរួមមាន៖ មិនឱ្យមានផ្លាកផ្សព្វផ្សាយស្រាបៀរនៅតាមទីសាធារណៈក្នុងក្រុង។ កែលម្អនិមិត្តសញ្ញ​កងចក្រ​, លាបពណ៌រូបសំណាកត្រីប៉ាស៊ីអ៊ីឱ្យស្រស់ ឆើតឆាយទាក់ទាញ,កែលម្អរង្វង់មូលទាំងពីរ, រៀបចំតាមសួនច្បារជាដើម។

ក្រៅពីនេះនៅសាលាខេត្តនិងទីប្រជុំជនផ្សារសាមគ្គីខេត្តស្ទឹងត្រែងរាល់ម៉ោង៧ព្រឹក មន្រ្តីនិងពលរដ្ឋត្រូវក្រោកឈរគោរពភ្លេងជាតិ។ម៉ោង៥ល្ងាច មានចាក់បទភ្លេងជាតិតាមឧបករណ៍បំពងសំឡេងជារៀងរាល់ថ្ងៃ។

ថ្មីៗនេះអភិបាលខេត្តបានបញ្ចេញគម្រោងដាក់ផ្លាករូបព្រះពុទ្ធនិងរូបភាពអភិវឌ្ឍន៍, សក្តានុពលផ្សេងៗ នៅតាមដងផ្លូវចូលសំខាន់ៗក្នុងក្រុងជំនួសកន្លែងដោះផ្លាកផ្សព្វផ្សាយរបស់ក្រុមហ៊ុនឯកជនចេញ។

ក្រោយពីរៀបចំបែបនេះមហាជន ជាពិសេសអ្នករស់នៅក្នុងខេត្តស្ទឹងត្រែងចាប់អារម្មណ៍ ស្ងើចសរសើរក្នុងការដឹកនាំរបស់អភិបាលខេត្តស្ទឹងត្រែងថ្មី៕