អន្តរជាតិ

អ៊ុយក្រែនតស៊ូឆ្លងកាត់ការលំបាករស់នៅក្នុងសភាពខ្វះខាតថាមពលអគ្គិសនីជាពិសេសនៅក្នុងរដូវត្រជាក់

ប្រែសម្រួល៖រតនា

Victoria Novorzhytska បានឲ្យដឹងថា ខណ:ដែលកងទ័ពរុស្សីបើកការវាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងកាលពីព្រឹកថ្ងៃចន្ទ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនិងទឹកស្អាតនៅក្នុងតំបន់ Zhytomyr ភាគខាងលិចទីក្រុង Kyiv ត្រូវបានរំខានទាំងស្រុង។

Victoria Novorzhytska ធ្វើការពីផ្ទះរបស់នាងនៅតំបន់ Zhytomyr ភាគខាងលិចទីក្រុង Kyiv ហើយមានន័យថានាងមិនអាចធ្វើអ្វីបាននោះទេព្រោះមិនមានអគ្គិសនីនិងទឹកសម្រាប់ផ្គត់ផ្គង់។

នាងបានគូសបញ្ជាក់ថា ការរស់នៅក្នុងសង្គ្រាមបានផ្តល់ឲ្យនាងនូវបទពិសោធមួយផ្សេងទៀត។ Novorzhytska បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍មួយថា “យើងកាន់តែព្រួយបារម្ភអំពីជីវិតរបស់យើង” ។

កងទ័ពរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយវាយលុកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងប្រទេស។ ហើយការវាយប្រហារកាន់តែច្រើនឡើងនៅព្រឹកថ្ងៃអង្គារដែលបានសម្លាប់មនុស្ស ៥ នាក់ ដែលចំនួនអ្នកស្លាប់ពីការវាយប្រហារក្នុងសប្តាហ៍នេះកើនដល់ ១២ នាក់។

អ៊ុយក្រែនមិនបានចេញមកបញ្ជាក់ពីទំហំនៃការខូចខាតដែលបង្កឡើងដោយសារតែការវាយប្រហារនេះនោះទេ ជាពិសេសផលប៉ះពាល់ដល់ក្រុមហ៊ុនថាមពលធំៗរបស់ខ្លួនដែលចរន្តអគ្គិសនីស្ទើរតែទូទាំងប្រទេសត្រូវបានកាត់ផ្តាច់ទាំងស្រុងបង្កឲ្យមានផលប៉ះពាល់ដល់ការស់នៅរបស់ពលរដ្ឋរាប់លាននាក់។

ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន ដូចជា DTEK បានប្រកាសពីការដាច់ចរន្តអគ្គិសនីសម្រាប់តំបន់មួយចំនួនកាលពីថ្ងៃចន្ទ រួមមានទីក្រុង Kyiv, Odesa, Dnipropetrovsk និង Donetsk ជាដើម។

ចំណែកពលរដ្ឋរស់នៅតាមជាយក្រុងភាគខាងលិចនៃរដ្ឋធានីក៏ទទួលរងនូវការដាច់ចរន្តអគ្គិសនីផងដែរ ការដាច់ចរន្តអគ្គិសនីអស់រយ:ពេលប្រាំមួយម៉ោង។

លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ភារកិច្ចសំខាន់គឺត្រូវផ្តោតការផ្គត់ផ្គង់ថាមពលដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ពលរដ្ឋរបស់ខ្លួន និងតំបន់សេដ្ឋកិច្ចនៅក្នុងរដូវរងា” ។

លោក Shmyhal បានបន្តថានៅពេលនេះ គឺត្រូវធ្វើការការជួសជុលវាឡើងវិញ។

  • ពង្រឺងប្រព័ន្ធការពារថាមពលអគ្គិសនី

ពលរដ្ឋអ៊ុយក្រែនបានទម្លាប់ខ្លួនរស់នៅដោយគ្មានភ្លើងនិងរងនូវការវាយប្រហាស្ទើរតែរាល់ថ្ងៃ ដូចជាកាលពីថ្ងៃចន្ទដែលការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាថាមពលអគ្គិសនីដែលក្រុងម៉ូស្គូបានប្រើប្រាស់ជាគោលដៅរបស់ខ្លួន។

អាជ្ញាធរក្រុងគៀវ បានខិតខំគ្រប់គ្រងស្ថានការណ៍ដូចជាបង្កើតទីតាំងសម្រាប់ពលរដ្ឋអាចសាកថ្មអេឡិចត្រូនិចប្រើប្រាស់អ៊ីនធឺណិតនៅក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនី។

ទីភ្នាក់ងារទូរទស្សន៍ CNN បានទៅពិនិតមើលតំបន់ដែលមិនអាចគ្រប់គ្រងបានជាច្រើនកន្លែងកាលកាលពីថ្ងៃចន្ទឃើញថាមានមនុស្សជាច្រើនកាន់ Power Bank ផ្ទាល់ខ្លួនសម្រាប់ផ្គត់ផ្គង់ថាមពលបម្រុងរួមជាមួយនឹងសម្ភារសំខាន់ៗផ្សេងទៀតរបស់ពួកគេ។

រុស្សីបានបើកវាយប្រហារជាញឹកញាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបង្កឲ្យទីក្រុងជាច្រើនរងការខូចខាតថាមពលអគ្គិសនី។ លោក Vitaliy Klitschko អភិបាលក្រុង Kyiv បាននិយាយថាខ្លួនកំពុងទិញម៉ាស៊ីនភ្លើង និងបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់ដោយមិនពឹងផ្អែកលើថាមពលអគ្គិសនី។

អាជីវកម្មភាគច្រើន ចាប់ពីតូបលក់អាហារតូចៗ រហូតដល់ផ្សារទំនើបធំៗ ឥឡូវនេះមានម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនរួចរាល់ហើយ។

អ្នកស្រុកឈ្មោះMaksym Holubchenko អាយុ ២៥ ឆ្នាំរស់នៅទីក្រុង Kyiv បាននិយាយថាម៉ាស៊ីនភ្លើងរបស់ហាងកាហ្វេរគាត់បានជួយដល់ការដាច់ចរន្តអគ្គិសនីបន្ទាប់ពីរងនូវការវាយប្រហាររបស់រុស្ស៊ី។

ក៏ប៉ុន្តែម៉ាស៊ីនភ្លើងនៅតែមិនមានថាមពលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការសេវាកម្មធម្មតានោះទេ។

នៅ“ក្នុងរដូវរងា យើងមានថាមពលគ្រប់គ្រាន់ពីម៉ាស៊ីនភ្លើង។ នៅក្នុងរដូវក្ដៅ យើងត្រូវបិទម៉ាស៊ីនត្រជាក់ និងផ្នែកខ្លះនៃម៉ាស៊ីនកាហ្វេ។

រុស្ស៊ីបានកំណត់គោលដៅបណ្តាញថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយពេញលក្ខណៈរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែនៅឆ្នាំនេះ ទីក្រុងម៉ូស្គូបានចាប់ផ្តើមផ្តោតជាពិសេសទៅលើកន្លែងផលិតថាមពលដូចជា រោងចក្រថាមពលកំដៅ ស្ថានីយវារីអគ្គិសនី និងសូម្បីតែកន្លែងផ្ទុកថាមពលជាដើម។

រដ្ឋាភិបាលបាននិងកំពុងព្យាយាមពង្រឹងបណ្តាញថាមពលដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្សី ។

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី Smyhal បាននិយាយថា វិធានការកំពុងដំណើរការ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “កាំជ្រួចរាប់សិបគ្រាប់បានវាយប្រហារស្ថានីយ៍កាលពីថ្ងៃចន្ទ ហើយយើងបានខូចខាតឧបករណ៍របស់យើងដ៏តិចតួចបំផុតនៅក្នុងចំណោមការបាញ់ប្រហាររាប់សិបកាលពីម្សិលមិញ ដោយសារតែមានប្រព័ន្ធការការពារថ្មី” ។

លោកបានបន្ថែមថាការចំណាយលើការបង្កើតប្រព័ន្ធការពារបែបនេះសម្រាប់ស្ថានីយចំនួនប្រាំមួយគឺ មានចំនួនទឹកប្រាក់សរុបដល់ទៅ៤.៥ ពាន់លានដុល្លារ ។ នេះជាចំនួនទឹកប្រាក់ដែលមិនគួរឲ្យជឿដែលដៃគូនៅមិនទាន់ត្រៀមខ្លួនផ្តល់ឲ្យនៅឡើយទេហើយវាក៏មិនស្ថិតនៅក្នុងគម្រោងចំណាយរបស់ថវិកាជាតិនោះដែរ៕