សន្ដិសុខសង្គម

ចោរលួចកាច់.ក.ម៉ូតូប៉ះចំម៉ូតូភ្ជាប់ GPS ពីខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន

ដោយ : បន្ទាយ
កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់បានកាច់.ក.ម៉ូតូប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហានុ ប៉ុន្តែត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងក្របួចបាន។ ការឃាត់ខ្លួនបាននេះនៅវេលាម៉ោងប្រមាណ១២និង២០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូលេខ៦៧-៦៨ ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ក្រោមកិច្ចសហការកម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ និងសមត្ថកិច្ចស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ម៉ាន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរពី សង្កាត់អូរពី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូត ម៉ូតូសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1F7551 ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើធ្វើសកម្មភាពលួចកាច់.ក.ពីភូមិអូរពី សង្កាត់អូរពី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ប៉ុន្តែម៉ូតូបានភ្ជាប់ GPS ត្រូវសមត្ថកិច្ចស្ទាក់ឃាត់បានតែម្តង។ ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងស្នងការនគរបាលខេត្តកំពុងកសាងសំណុំរឿងតាមនីតិវិធី៕