ព័ត៌មានជាតិ

ខេត្តCentral Java នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចង់បានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រាសាទBorobudurនិងប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ

សៀមរាប៖ គណៈប្រតិភូនៃខេត្តCentral Java របស់សាធារណរដ្ឋឥណ្ឌូនេស៊ី មួយក្រុម បានជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៤។

ការជួបពិភាក្សានោះ បានផ្ដោតសំខាន់ទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារថែរក្សា ការពារនិងអភិរក្សប្រាសាទបុរាណរវាងអាជ្ញាធរជាតិអប្សរា ជាមួយនិងខេត្តCentral Java ឱ្យកាន់តែប្រសើរថែមទៀត។

លោក ស្រី Muhammad Isnaeni ជាប្រធានក្រុមគណៈប្រតិភូ មានប្រសាសន៍ថា ខេត្តCentral Java របស់សាធារណរដ្ឋឥណ្ឌូនេស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការថែរក្សា អភិរក្សប្រាសាទបុរាណBorobudurនិងប្រាសាទអង្គរវត្ត តាំងតែពីឆ្នាំ២០១៧មក។

លោក ស្រី បានថ្លែងទៀតថា លោកស្រី បានសង្កេតឃើញប្រាសាទអង្គរវត្តរបស់កម្ពុជា បច្ចុប្បន្ន មានអាទិភាពនិងចំណុចពិសេសជាច្រើន ទាំងកិច្ចការពារ អភិរក្ស អភិវឌ្ឍន៍ សោភ័ណភាព បរិស្ថាននិងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាដើម។ លោក ស្រី ចង់ស្វែងយល់អំពីការងារជាច្រើនរបស់អាជ្ញាធរជាតិអប្សរា ជុំវិញកិច្ចការពារនិងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទាំងនោះ។

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានបង្ហាញក្តីសោមនស្សរីករាយ ដែលគណៈប្រតិភូនៃខេត្តCentral Javaមានចំណាប់អារម្មណ៍ឡើងវិញ លើកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ។

លោកថា តាំងតែពីអំឡុងឆ្នាំ២០១៩ គឺអាជ្ញាធរជាតិអប្សរានិងខេត្តCentral Javaបានធ្វើការជាមួយគ្នា លើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបុរាណ Borobudurនិងប្រាសាទអង្គរវត្ត។ ក៏ប៉ុន្តែការងារនេះបានអាក់ខានមួយរយៈចាប់តាំងពីមានការរាត្បាតដោយជំងឺកូវីដ-១៩មក។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍បន្ថែមទៀតថា នៅពេលនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងកិច្ចសហប្រតិបត្តិការទៅតាមអនុស្សរណៈនៃការយោគយល់គ្នា តាមការចង់បានរបស់ភាគីឥណ្ឌូនេស៊ី។

ឯកឧត្តមបង្ហាញការជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងខេត្តCentral Java នៃប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានជោគជ័យ នៅថ្ងៃអនាគត ដោយសារយើងបានរៀនសូត្រពីគ្នាទៅវិញទៅមក។

ចំណែកខេត្តCentral Javaបានមើលឃើញថាប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋជាច្រើនរយលាននាក់ គឺអាចជាសក្ដានុពលនៃវិស័យទេសចរណ៍សម្រាប់កម្ពុជាបាន ប្រសិនបើកម្ពុជារៀបចំ សម្រួលកន្លែងស្នាក់នៅនិងភោជនីយដ្ឋាន បែបហាឡាល់(Halal Food)ឱ្យបានទូលំទូលាយ សម្រាប់អ្នកគោរពសាសនាឥស្លាមនោះ៕