ដោយ : បន្ទាយ
សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាបដែលទើបចូលកាន់តំណែង កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មីៗ ។នេះបើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តនេះអោយដឹងកាលពីថ្ងៃទី២២ខែសីហា ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត គឺបន្ទាប់ពីលោកចូលកាន់តំណែងធ្វើការងារនិងដឹកនាំអនុវត្តការងារជំនាញមួយរយ:ខ្លីមក។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថ្លែងអំណរគុណ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអាវុធហត្ថខេត្តសៀមរាបទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះរូបលោក ដែលទើបតែឡើងកាន់តំណែងជាមេបញ្ជាការថ្មី យ៉ាងកក់ក្តៅបំផុត។ លោកក៏បានណែនាំដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នារៀបចំកសាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប អោយកាន់តែរីកចម្រើនបន្ថែមទៀត។
បន្ទាប់ពីកិច្ចប្រជុំរួចរាល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការប្រគល់ជូននូវសម្ភារគ្រឿងបំពាក់បន្ថែមជូនដល់កម្លាំងក្នុងទីបញ្ជាការ កងអន្តរាគមន៍ រួមទាំងតាមបណ្តាក្រុង ស្រុក ទាំង១៣ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងនោះមានដូចជាអាវចាំងពន្លឺ មួកសុវត្ថិភាព និងកៅអី ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថខេត្តសៀមរាបរួចហើយផងដែរ ដើម្បីពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
នោះជាកិច្ចប្រជុំត្រួតពិនិត្យការងារបន្ទាប់ពីត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងបានមួយថ្ងៃ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការរួមចំណែក ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: និងបម្រើប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏ដូចជា ពង្រឹងស្មារតីកងកម្លាំង ក្នុងការបំពេញតួនាទីភារកិច្ច ឲ្យប្រកបដោយវិន័យសណ្តាប់ធ្នាប់ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ជាពិសេសត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានចេតនាបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានោះ លោកបានណែនាំដល់ លោកមេបញ្ជាការ ដែលជាប្រធានអង្គភាពចំណុះអាវុធហត្ថសៀមរាប ត្រូវម្ចាស់ការត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់និងកម្លាំងប្រតិបត្តិការ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេល ៕