ព័ត៌មានជាតិ

ការស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុងសម្រេចបាន៨៩,៥៦%

ដោយ : បន្ទាយ
ពោធិ៍សាត់ ៖ គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៤ ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុងសម្រេចបាន៨៩,៥៦% ហើយ។


ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុងភាគពាយ័ព្យនិងនិរតីកម្ពុជា ។

នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូនអោយដឹងកាលពីថ្ងៃទី២០ខែសីហា ។

គម្រោងសាងសង់មានរយៈពេល ៦៦ខែ ដែលបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ប្រវែងផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវគឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ ។ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។

តែបច្ចុប្បន្ន តាមរយៈផ្លូវមួយខ្សែនេះ គេអាចធ្វើដំណើរឆ្លងកាត់ខេត្តទាំង៣ដោយផ្ទាល់ ដោយមិនបាច់វាងទៅកាត់ខេត្តផ្សេងនិងរាជធានីភ្នំពេញទៀតទេ ក៏ធ្វើដំណើរទៅដល់ទឹកដីទេសចរណ៍ធម្មជាតិ ធម្មជាតិព្រហ្មចារីយ៍ដ៏ស្រស់បំព្រងនៃស្រុកសំឡូតខេត្តបាត់ដំបង ពិសេសស្រុកវាលវែងនៃខេត្តពោធិ៍សាត់និងក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ដោយមិនលំបាកដូចមុនទៀតដែរ។

សូមបញ្ជាក់ដែរថា កន្លងមក ការឆ្លងកាត់ខេត្តទាំង៣ គឺមានតែផ្លូវថ្មើរព្រៃ ផ្លូវដំរីកាត់ព្រៃ ជ្រោះ ជ្រលងអូរស្ទឹង… ហើយមានតែកងកម្លាំងកងទ័ព នគរបាលការពារព្រំដែននិងអ្នកប្រកបរបរលើផលនិងអនុផលព្រៃឈើប៉ុណ្ណោះដែលចេញ ចូល ឆ្លងកាត់ខេត្តនៃតំបន់ជួរភ្នំក្រវាញខាងលិច កណ្តាលនិងខាងត្បូង និងព្រំដែនកម្ពុជា-ថៃនៃភូមិសាស្ត្រយោធភូមិភាគទី៥និងយោធភូមិភាគទី៣ ។

លុះដល់ឆ្នាំ២០០៨-២០០៩ ពេលមានព្រឹត្តិការណ៍ប៉ះទង្គិចព្រំដែនកម្ពុជា ថៃ ទើបរាជរដ្ឋាភិបាលបានអោយកងវិស្វកម្មអគ្គបញ្ជាការនិងកងវិស្វកម្មកងទ័ពជើងគោកឈូសឆាយ កសាងផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែននិងផ្លូវឆ្អឹងត្រី(ផ្លូវទទឺងតភ្ជាប់) ។
ទៅអនាគត កម្ពុជាអាចនឹងស្ថាបនាលើកកម្ពស់ផ្លូវក្រវាត់ព្រំដែន ដែលនៅកៀកប្របនឹងព្រំដែននោះទៅជាផ្លូវក្រាលបេតុងឬក្រាលកៅស៊ូដើម្បីបានផ្លូវដែលធ្វើដំណើរបានគ្រប់រដូវនិងគ្រប់ពេល៕