អន្តរជាតិ

អ៊ុយក្រែនអះអាងថាបានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើអាកាសយានដ្ឋានក្នុងប្រទេសរុស្ស៊ីសំខាន់ៗចំនួន៤កន្លែង

ប្រែសម្រួល៖ រតនា
កាលពីថ្ងៃពុធ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានកំណត់គោលដៅលើអាកាសយានដ្ឋាន រុស្ស៊ីចំនួនបួន ខណៈដែលកងទ័ពរបស់ទីក្រុង Kyiv ដែលចូលលុកលុយនៅលើទឹកដីរុស្សីកំពុងវាយទៅមុខបន្ថែមទៀត។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសាទរចំពោះការវាយប្រហារនេះ ដែលលោកបាននិយាយថា ការវាយប្រហារនេះគឺ “ច្បាស់ហើយទាន់ពេល និងប្រកបដោយប្រសិទ្ធភាព” នៅក្នុងសុន្ទរកថាលើវីដេអូដែលបានចេញផ្សាយនៅថ្ងៃដដែលនោះ លោកបាននិយាយថា កងកម្លាំងចាប់បានទាហានរុស្ស៊ីនៅភាគខាងត្បូងនិងបានបំផ្លាញយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង។

“ដ្រូនរបស់យើងដំណើរការយ៉ាងពិតប្រាកដទោះជាយ៉ាងណាយន្តហោះគ្មានមនុស្សបើកតែម្នាក់ឯងពិតជាមិនអាចធ្វើបាននោះទេ”។

ប្រភពមួយនៅក្នុងសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែនបានប្រាប់ CNN ថាវាគឺជា “ការវាយប្រហារដ៏ធំបំផុត” លើអាកាសយានដ្ឋានរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ហើយបានកំណត់គោលដៅមូលដ្ឋានចំនួនបួននៅក្នុងតំបន់ភាគនិរតីនៃ Kursk និង Voronezh និង Nizhny Novgorod ភាគខាងកើតនៃទីក្រុងម៉ូស្គូ។ ការវាយប្រហារនេះធ្វើឡើងនៅចំពេលដែលមានការលុកលុយដ៏ធំរបស់អ៊ុយក្រែនដែលបានបង្ខំជនជាតិស៊ីវិលរុស្សីរាប់ម៉ឺននាក់ចាកចេញពីផ្ទះរបស់ពួកគេ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ១១៧ គ្រឿង និងកាំជ្រួចយុទ្ធសាស្ត្រចំនួន ៤ លើតំបន់ Kursk និងតំបន់ជិតខាង។

អភិបាលរបស់ខ្លួនលោក Aleksandr Gusev បាននិយាយនៅថ្ងៃពុធលើគេហទំព័រ Telegram ថា យន្តហោះគ្មានមនុស្សបើកជាង ៣៥ គ្រឿងដែលបាញ់បង្ហោះដោយអ៊ុយក្រែនត្រូវបានបំផ្លាញនៅលើទីក្រុង Voronezh។

លោក Gusev បាននិយាយថា ខណៈពេលដែលមិនមានអ្នកស្លាប់ និងរបួស ការវាយប្រហារនេះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ យានយន្ត និងហេដ្ឋារចនាសម្ព័ន្ធក្រុង ដោយលោកបានបន្ថែមថានៅមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត។
សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការយោធាអ៊ុយក្រែនកាលពីថ្ងៃពុធបានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន “បានបំផ្លាញយន្តហោះទម្លាក់គ្រាប់បែក SU-34 របស់រុស្ស៊ី” នៅក្នុងតំបន់ Kursk កាលពីយប់ថ្ងៃអង្គារ។

នៅទីក្រុង Belgorod ដែលជាអ្នកជិតខាង Kursk អភិបាល Vyacheslav Gladkov បានប្រកាសអាសន្នក្នុងតំបន់កាលពីថ្ងៃពុធ ដោយហៅស្ថានភាពនៅលើដីថា “ពិបាក និងតានតឹងខ្លាំង” នៅក្នុងសារមួយនៅលើ Telegram ។ អ្នកស្រុកបានចាប់ផ្តើមជម្លៀសនៅថ្ងៃចន្ទ ដោយសារតែការវាយប្រហាររបស់អ៊ុយក្រែន។ លោក Gladkov បាននិយាយថា អាជ្ញាធរនៅក្នុងតំបន់ឥឡូវនេះកំពុងអំពាវនាវទៅកាន់វិមានក្រឹមឡាំង ដើម្បីប្រកាសភាពអាសន្នសហព័ន្ធ។

នៅក្នុងសុន្ទរកថារបស់គាត់កាលពីថ្ងៃពុធ លោក Zelensky បានអំពាវនាវឲ្យមានការគាំទ្រអ៊ុយក្រែន បន្ថែមទៀតពីលោកខាងលិចដោយនិយាយថា “យើងត្រូវការមីស៊ីលផ្សេងទៀត ។ ហើយយើងបន្តធ្វើការជាមួយដៃគូរបស់យើងសម្រាប់រយៈពេលវែង។ ដៃគូលោកខាងលិចរបស់អ៊ុយក្រែនមានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ទីក្រុង Kyiv នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចជ្រាបចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
លោក Zelensky បាននិយាយថា កងកម្លាំងរបស់គាត់បានរុលទៅមុខក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ីពី ១ ទៅ ២ គីឡូម៉ែត្រហើយបានចាប់ទាហានរុស្ស៊ីចំនួន ១០០ នាក់។

Kyiv បានអះអាងរួចហើយថានឹងមានការគ្រប់គ្រងលើទឹកដីរុស្ស៊ីប្រហែល ១០០០ គីឡូម៉ែត្រក្រឡា ចាប់តាំងពីមានការវាយលុកដ៏គួឲ្យភ្ញាក់ផ្អើលទម្លុះព្រំដែន។

យោងតាមរូបភាពវីដេអូបង្ហោះដោយទីភ្នាក់ងារសារព័ត៌មានបារាំង Agent France-Presse នៅច្រកព្រំដែនរវាងតំបន់ Sumy របស់អ៊ុយក្រែន និង Kursk បានបង្ហាញរថយន្តអ៊ុយក្រែនដឹកបុរសដែលត្រូវគេចងបិទមុខក្នុងឯកសណ្ឋានយោធារុស្ស៊ី។

ការលុកលុយរបស់អ៊ុយក្រែនបានបង្កភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរសម្រាប់វិមានក្រឹមឡាំងដែលបានបង្ហាញពីការផ្លាស់ប្តូរកលល្បិចប្រយុទ្ធរបស់ទីក្រុងគៀវជាលើកទីមួយដែលកងទ័ពអ៊ុយក្រែនបានវាយចូលទៅក្នុងទឹកដីរុស្ស៊ីដើម្បិប្រើប្រាស់ជាតំបន់ទ្រនាប់ការពារសន្តិសុខរបស់ជនស៊ីវិលដែលរស់នៅតាមបណ្តោយព្រំដែនជាមួយរុស្សីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ចាប់តាំងពីការលុកលុយរបស់អ៊ុយក្រែនបានចាប់ផ្តើម ប្រជាជនរុស្ស៊ីរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈពេលដែលទីក្រុងមូស្គូកំពុងព្យាយាមទប់ស្កាត់ការវាយប្រហារ ដោយបានដាក់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងទីក្រុង Kursk, Belgorod និងតំបន់ព្រំដែនមួយផ្សេងទៀត Bryansk ។

មេបញ្ជាការយោធាអ៊ុយក្រែនបានប្រាប់ CNN Wednes ថា រុស្ស៊ីបានដកទ័ពបម្រុងពីតំបន់សមរភូមិសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន និងតំបន់គ្រីមេដែលកាន់កាប់ដោយរុស្ស៊ី ដើម្បីទប់ទល់នឹងការវាយលុករបស់ទីក្រុង Kyiv ។

មេបញ្ជាការកងវរសេនាតូចយោធាអ៊ុយក្រែន លោក Dymtro Kholod បានប្រាប់ក្រុម CNN នៅលើដីនៅ Sumy ថាយោធាមាន “ព័ត៌មាន” ដែលបង្ហាញថាទាហានរុស្ស៊ីត្រូវបានយកចេញពី Zaporizhzhia, Crimea និង Kharkiv ដើម្បីប្រតិបត្តិការបញ្ឈប់ការវាយប្រហាររបស់កងកម្លាំងខ្លួន ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា គោលបំណងនៃប្រតិបត្តិការនៅទីក្រុង Kursk គឺដើម្បីបង្កើត “តំបន់ទ្រនាប់សម្រាប់ការពារសន្តិសុខ” នៅលើទឹកដីរុស្ស៊ី ដើម្បីការពារសហគមន៍ព្រំដែន ជាពិសេសនៅ Sumy ដែលរងការវាយប្រហារដោយកាំភ្លើងធំ និងកាំជ្រួចរបស់រុស្ស៊ីជាប់រហូត។
Ihor Klymenko រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា “ការបង្កើតតំបន់ទ្រនាប់សម្រាប់ការពារនៅក្នុងតំបន់ Kursk គឺជាជំហានមួយដើម្បីការពារសហគមន៍ព្រំដែនរបស់យើងពីការវាយប្រហារប្រចាំថ្ងៃ” ។

Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនក៏បាននិយាយថា អ៊ុយក្រែននឹងបើក “ច្រករបៀងមនុស្សធម៌” ដើម្បីជម្លៀសជនស៊ីវិល ទៅកាន់អ៊ុយក្រែន ឬទៅក្នុងប្រទេសរុស្ស៊ី។

សកម្មភាពចុងក្រោយរបស់យោធាអ៊ុយក្រែនបានជំរុញឲ្យរុស្ស៊ីខឹងសម្បារយ៉ាងខ្លាំងក្នុងការចរចារកសន្តិភាពសម្រាប់អនាគតដ៏ខ្លីខាងមុខ៕