ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ រថយន្តនាំមុខក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានបុកគ្នាជាមួយរថយន្តបែនដឹកដី បង្ករបួស២នាក់ ក្នុងនោះម្នាក់ជាក្មួយស្រីនិងជាពិធីការរបស់លោកជា សុមេធី រដ្ឋមន្ត្រី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣៦នាទីរសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ខាងត្បូងសាលាក្រុងជាង៣០០ម៉ែត្រ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វា យក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មាននាកន្លែងកើតហេតុបានឲ្យសារព័ត៌មាន Cambodia Flash News (CFN) ដឹងថា: មុនកើតហេតុ រថយន្តនាំមុខក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចម៉ាកហ៊ីយាន់ដាយស្តារា (Hyundai Staria) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ២CC១៨២៨ បើកបររត់ពីមុខក្បួនប្រតិភូក្នុងទិសដៅពីត្បូងទៅជើង។ខណ:នោះក៏មានរថយន្តបែនដឹកដីកង់១០ មួយគ្រឿងម៉ាកអ៊ីស៊ុយស៊ុយ(IZUZU) ពាក់ផ្លាកលេខភ្នំពេញ៣A៨២៩៧ បើកបរពីទិសខាងជើងទៅត្បូង(ច្រាសទិសគ្នា) ក៏បុកគ្នាស្ទើរចំពីមុខពេញទំហឹង ហើយគេឃើញកង់ខាងមុខរថយន្តទាំងពីរភាគីបានជ្រុលហួសទៅគន្លងផ្លូវរបស់ខ្លួនរៀងៗខ្លួន។
រថយន្តនាំមុខក្បួនបានផ្ទុះពោងកៅអីមុខទាំងអស់និងខូចខាតមុខខាងស្តាំនិងចំហៀងយ៉ាងធ្ងន់ធ្ងរ។ឯរថយន្តធំខូចខាតមធ្យមផ្នែកក្បាលឆ្វេង។
អ្នកបើកបររថយន្តធំម៉ាកអីស៊ុយស៊ុយទំនងជាមិនមានរងរបួសបានចុះរត់គេចខ្លួន។ ចំណែករថយន្តរត់ទូម៉ាកហ៊ីយាន់ដាយស្តារា(Hyundai Staria) បើកបរដោយឈ្មោះគឹម វ៉ាន់ឆៃ ភេទប្រុស អាយុ៣០ឆ្នាំប្លាយ បានរងរបួសស្រាល។រថយន្តនេះ មានអ្នកជិះ៥នាក់។ក្នុងនោះលោកស្រីជា គឹមធិបតី អាយុខ្ទង់ជាង២០ឆ្នាំ ជាក្មួយស្រីនិងជានាយិកាពិធីការលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានរងរបួសធ្ងន់ត្រង់ជង្គង់និងម្នាក់ទៀតឈ្មោះជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល ។
ជនរងគ្រោះរបួសត្រូវបានក្រុមការងារក្នុងក្បួនប្រតិភូដឹកមកភ្នំពេញក្រោយពិនិត្យ ឃើញថា ជនរងគ្រោះរងរបួសស្រាល។
បើតាមតៃកុងរថយន្តរត់ខាងមុខក្បួនបានប្រាប់សារព័ត៌មានថា : ពេលនោះប្រញាប់ណាស់ រថយន្តធំមកច្រាសទិសបានរេចង្កូតចូលគន្លងស្តាំរបស់ខ្លួន។ហេតុនេះ ខ្លួនក៏សម្រេចកាច់ចង្កូតគេចមកគន្លងផ្លូវខាងឆ្វេងដើម្បីកុំឲ្យបុកចំពីមុខពេក ។ហេតុនេះក៏បណ្តាលឲ្យរថយន្តបុកបញ្ឆិតក្បាលគ្នាពេញទំហឹង។
ចំណែកភាគីរថយន្តធំ មិនមានការអះអាងទេ ដោយសារតៃកុងបានគេចខ្លួនទៅហើយ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តនិងលោកវរសេនីយ៍ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ព្រមទាំងកម្លាំងបានចុះបន្ទាន់ទៅទីកើតហេតុដើម្បីសម្រួលការជួយសង្គ្រោះ បង្ការ រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាព។
ទោះយ៉ាងណា លោកគី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យអោយដឹងថា : ករណីនេះកំពុងត្រួតពិនិត្យ វាស់វែងនិងស្ទូចយកចេញរថយន្តរងគ្រោះ។ ក្នុងការពិនិត្យជាក់ស្តែងឃើញរថយន្តធំបានរំលោភទៅលើគន្លងផ្លូវរបស់រថយន្តរត់នាំមុខក្បួនច្រើនជាង ។
សូមបញ្ជាក់ថា ក្បួនរថយន្តប្រតិភូលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានធ្វើដំណើរទៅកាន់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើកម្មវិធីប្រគល់ផ្ទះ១ខ្នងដល់គ្រួសារអតីតយុទ្ធជននិងចែកអំណោយដល់ពលរដ្ឋមួយចំនួន។ពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ ។
តមក ប្រតិភូនេះត្រូវបន្តដំណើរទៅក្រុងសិរីសោភ័ណនិងប៉ោយប៉ែត ដើម្បីរង់ចាំធ្វីពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនិងសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចខេត្ត,សាខាមូលនិធិជាតិជំនួយសង្គមនិងសាខាមូលនិធិជនពិការខេត្តបន្ទាយមានជ័យ នៅមន្ទីរនិងនៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ៕