ដោយ៖ វិចិត្រ
ខេត្តតាកែវ ៖មនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់ក្នុងចំណោមគ្នីគ្នា៦នាក់ ដោយ៣នាក់មានអាការមិនស្រួលខ្លួនក្អួតចង្អោរបណ្ដាលឱ្យស្លាប់ សមត្ថកិច្ចដាក់ការសង្ស័យថាមកពីពុលស្រាថ្នាំ។
លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំងបានឱ្យដឹងថា៖ ពិតជាមានជនរងគ្រោះ៣នាក់ស្លាប់ប្រាកដមែន ក្រោយពួកគេនាំគ្នាផឹកស្រាថ្នាំកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយមានអាការក្អួតចង្អោរ ពិបាកដកដង្ហើម និងបានស្លាប់ជាបន្តបន្ទាប់គ្នានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
លោកអធិការស្រុកទ្រាំងបានបន្តថា ជនរងគ្រោះទាំង៣នាក់រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដែលជនរងគ្រោះទី១-ឈ្មោះ គឹម សុខលាង ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់នៅវេលាម៉ោង១០យប់ថ្ងៃទី១៨ សីហា, ទី២-ឈ្មោះ ហ៊ឹម ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់នៅវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី១៧ និងទី៣-ឈ្មោះ ងឹម ភា ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
ក្រោយមានករណីនេះកើតឡើង សមត្ថកិច្ចស្រុកទ្រាំង ដោយមានការសម្របសម្រួសនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែវ បានចុះឃាត់ខ្លួនស្ត្រីដែលជាអ្នកលក់ស្រាថ្នាំ ឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ និងកូនប្រុសឈ្មោះ ញ៉ សុវណ្ណរ៉ា អាយុ២៤ឆ្នាំ ដើម្បីសាកសួរ។ ដោយឡែកស្រាថ្នាំកន្លះធុងប៉េត្រូ និងថ្នាំខ្មែរ២ថង់ត្រូវបានដកហូតប្រគល់ឱ្យកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវពិនិត្យបន្តតាមនីតិវិធី។
លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវឱ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីសង្ស័យពុលស្រាថ្នាំនៅឃុំស្រង៉ែ ស្រុកទ្រាំងនោះ មន្ត្រីជំនាញសាខាបានចុះទៅយកសំណាកមកធ្វើការពិនិត្យនៅអគ្គនាយកដ្ឋាន រាជធានីភ្នំពេញ កំពុងពិសោធន៍និងវិភាគមិនទាន់ទទួលបានលទ្ធផលនោះទេ៕