អន្តរជាតិ

នាវាផ្ទុកយន្តហោះ Minsk របស់សូវៀតដ៏ចំណាស់បានឆេះនៅក្នុងបឹងនៃតំបន់ទេសចរណ៍មួយក្បែរទន្លេ Yangtze របស់ចិន

ប្រែសម្រួល៖ស-សម្បត្តិ
កាលពីថ្ងៃសៅរ៍វិទ្យុជាតិចិនបានរាយការណ៍មកថា អតីតនាវាផ្ទុកយន្តហោះ Minsk ដ៏ចំណាស់ជំនាន់អតីតសហភាពសូវៀតដែលបានបោះយុថ្កាអស់រយៈពេល ៨ ឆ្នាំមកហើយនៅក្នុងបឹងមួយក្បែរទន្លេ Yangtze ក្នុងទីក្រុង Nantong ខេត្ត Jiangsu ត្រូវបានឆេះនៅក្នុងអំឡុងពេលជួសជុលដើម្បីបំប្លែងវាសម្រាប់ប្រើប្រាស់ជាផ្នែកមួយក្នុងសួនកម្សាន្តនៃតំបន់ទេសចរណ៍របស់ចិន។អគ្គិភ័យឆេះអតីតនាវាផ្ទុកយន្តហោះដ៏ចំណាស់នេះត្រូវបានពន្លត់អស់រយ:ពេលប្រហែល ២៤ ម៉ោង។

សេចក្តីរាយការណ៍បន្តថា អតីតនាវាចម្បាំង Minsk ជំនាន់សហភាពសូវៀតនេះត្រូវបានបញ្ឈប់ការធ្វើចរាចរណ៏អស់រយៈពេល ៨ ឆ្នាំមកហើយបន្ទាប់មកវាត្រូវបានចិនបំប្លែងឲ្យទៅជាឧបករណ៏សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ទេសចរណ៍របស់ចិនដែលបានចាប់ផ្តើមនៅក្នុងពេលថ្មីៗនេះ។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះនៅលើនាវានេះ ជាមួយនឹងរូបភាពក្រោយៗមកបង្ហាញពីការខូចខាតយ៉ាងធំធេងលើរចនាសម្ព័ន្ធរបស់វា និងកម្ទេចដែកដែលនៅសេសសល់នៅលើផ្នែកខាងក្រោមនៃនាវាដ៏ធំមួយនេះ។
របាយការណ៍នេះបានបង្ហាញថា “អគ្គិភ័យនេះមិនបានបង្កឲ្យមានមនុស្សស្លាប់ទេ ហើយមូលហេតុនៃឧបទ្ទវហេតុនេះក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ”។

អតីតនាវាចម្បាំង Minsk ជំនាន់សហភាពសូវៀតបានស្ថិតនៅក្នុងបឹងមួយក្បែរទន្លេ Yangtzeផ្នែកមួយនៃតំបន់ទេសចរណ៏របស់ប្រទេសចិនដែលធ្លាប់ជាកន្លែងទាក់ទាញដ៏សំខាន់អស់រយៈពេល ១៦ ឆ្នាំមកហើយ។វាជាសួនកម្សាន្តដែលមិនមានដំណើរការនៅភាគខាងត្បូងប្រទេសចិន នេះបើយោងតាមរបាយការណ៍។

កិច្ចខិតខំប្រឹងប្រែងជួសជុលដែលបានចាប់ផ្តើមនៅក្នុងពេលថ្មីៗនេះ ដើម្បីបំប្លែងអតីតនាវាផ្ទុកយន្តហោះដ៏ចំណាស់នេះឲ្យក្លាយជាឧបករណ៏ស្នូលនៃសួនកម្សាន្តមួយផ្សេងទៀត។ ឥឡូវឧបទ្ទវហេតុអគ្គិភ័យឆេះអតីតនាវាផ្ទុកយន្តហោះដ៏ចំណាស់នេះបានបង្កឲ្យមានមន្ទិលសង្ស័យលើហេតុផលផ្សេងៗជាច្រើនដែលត្រូវបានដាក់ឲ្យធ្វើការស៊ើបអង្កេត។

មន្ត្រីម្នាក់បានប្រាប់វិទ្យុជាតិចិនថា៖”វាជារឿងគួរឲ្យសោកស្តាយដែលអគ្គិភ័យបានបំផ្លាញគម្រោងនេះ”។

អតីតនាវាផ្ទុកយន្តហោះដ៏ចំណាស់ជំនាន់អតីតសហភាពសូវៀតនេះជាផ្នែកមួយនៃកងនាវាចរប៉ាស៊ីហ្វិកដ៏ខ្លាំងរបស់សូវៀតគឺជានាវាផ្ទុកយន្តហោះទីពីរក្នុងចំណោមនាវាផ្ទុកយន្តហោះ Kiev-class ចំនួន ៤ ដែលត្រូវបានសាងសង់ដោយសហភាពសូវៀតនៅចន្លោះឆ្នាំ ១៩៧០ និង

១៩៨៧ ។
វាត្រូវបានបំពាក់ដោយថាមពលធម្មតានិងអាចផ្ទុកបានចំណុះប្រហែល ៤២០០០ តោន គឺតិចជាងពាក់កណ្តាលនៃនាវាផ្ទុកយន្តហោះថាមពលនុយក្លេអ៊ែរ Nimitz របស់កងទ័ពជើងទឹកអាមេរិក វាមានប្រវែង២៧៣ ម៉ែត្រវាអាចផ្ទុកយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្របានរាប់សិបគ្រឿង ។

វាត្រូវបានសាងសង់នៅឯកន្លែងផលិតនាវាមួយកន្លែងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីសម័យអតីតសហភាពសូវៀត។នាវានេះត្រូវបានដាក់ឲ្យបម្រើការនៅក្នុងកងនាវាចរប៉ាស៊ីហ្វិកសូវៀតនៅឆ្នាំ ១៩៧៨ រហូតមានការដួលរលំសហភាពសូវៀតនៅឆ្នាំ ១៩៩១។ .

ប្រទេសរុស្ស៊ីបានដាក់នាវានេះឲ្យចូលនិវត្តន៍នៅឆ្នាំ ១៩៩៣ ដោយលក់វារួមគ្នាជាមួយនិងនាវា Novorossiysk ទៅឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងសម្រាប់ធ្វើដែកអេតចាយ។

ខណៈពេលដែលនាវាចូលនិវត្តន៍ Novorossiysk ត្រូវបានរុះរើនៅក្នុងកំពង់ផែ Pohang របស់កូរ៉េខាងត្បូង ក្រុមបរិស្ថានបានប្រឆាំងនឹងវត្តមានរបស់វានៅក្នុងប្រទេស។ បន្ទាប់មកវាក៏ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនចិន ហើយនៅទីបំផុតវាក៏ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកទេសចរណ៍ដើម្បីធ្វើវាឲ្យក្លាយជាឧបករណ៏ស្នូលសម្រាប់សួនកម្សាន្តដែលមានឈ្មោះថា Minsk World នៅក្នុងទីក្រុង Shenzhen ដែលត្រូវបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ ២០០០ ។

ការអភិវឌ្ឍឧទ្យានទេសចរណ៍នេះបានទទួលរងនូវបញ្ហាហិរញ្ញវត្ថុ ហើយនៅទីបំផុតវាត្រូវបានបិទដំណើរការនៅឆ្នាំ ២០១៦ បន្ទាប់មកអតីតនាវាផ្ទុកយន្តហោះដ៏ចំណាស់នេះត្រូវបានផ្លាស់ប្តូរទៅកាន់ទីតាំងបច្ចុប្បន្ននៅ Nantong ។

នាវាមួយផ្សេងទៀតហៅថា Kiev ដែលដាក់ឈ្មោះតាមរដ្ឋធានីអ៊ុយក្រែនត្រូវបានដាក់តាំងនៅកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយក្នុងសួនកម្សាន្ត Binhai Aircraft Carrier Theme Park ក្នុងទីក្រុង Tianjin នៃឆ្នេរសមុទ្រនៅភាគឦសានរបស់ប្រទេសចិន។

នៅក្នុងចំណោមអតីតនាវាផ្ទុកយន្តហោះដ៏ចំណាស់ជំនាន់អតីតសហភាពសូវៀតប្រភេទ Kiev-class ចំនួនបួនដែលសូវៀតបានសាងសង់នោះ មានតែ Baku ចុងក្រោយប៉ុណ្ណោះដែលនៅដំណើរការ។ វាត្រូវបានលក់ទៅឲ្យប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០០៤ ដែលបន្ទាប់មកត្រូវបានឥណ្ឌាកែលម្អ និងដាក់ឲ្យប្រើប្រាស់នៅក្នុងកងនាវាចរឥណ្ឌាក្នុងឆ្នាំ ២០១៣ មានឈ្មោះថា INS Vikramaditya៕

ប្រភព៖ CNN