អន្តរជាតិ

យោធាអ៊ុយក្រែនកាន់តែខ្លាំងបន្ទាប់ពីបំផ្ទុះដាច់ស្ពានទី២ដែលស្ថិតនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី

ប្រែសម្រួល៖ រតនា
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែបាននិយាយថា ការវាយលុករបស់កងទ័ពអ៊ុយក្រែនកាន់តែខ្លាំងក្លាឡើងនៅក្នុងទីក្រុង Kursk ដោយកងទ័ពរបស់គាត់បានបំផ្ទុះស្ពានទីពីរកាលពីថ្ងៃអាទិត្យ។

ការវាយលុកនៅតែបន្តក្នុងតំបន់ Kursk ប៉ុន្តែអ៊ុយក្រែននៅតែស្ថិតក្រោមសម្ពាធរបស់រុស្សីដែលកងទ័ពរុស្សីកំពុងតែបន្តវាយកាន់កាប់ភាគខាងកើតរបស់ខ្លួន។ការវាយលុកនៅក្នុងតំបន់ Kursk លើទឹកដីរុស្សីរបស់កងទ័ពអ៊ុយក្រែនបានធ្វើឲ្យរុស្ស៊ីធ្វើការវាយបកដើម្បីដណ្តើមយកទីតាំងរបស់ខ្លួនមកកាន់កាប់វិញ។ ទីក្រុង Kyiv ហាក់បីដូចជាបានកំណត់យកគោលដៅជាច្រើនជាមួយនឹងការវាយលុកមួយនេះ។ ជំនួយការប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការវាយចូលទឹកដីរុស្សីនៅក្នុងតំបន់ Kurskក្នុងគោលបំណងជំរុញឲ្យរុស្សីចូលតុចរចារកសន្តិភាពនិងស្វែងរក “យុត្តិធម៌”សម្រាប់អ៊ុយក្រែន។

លោកZelensky បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា ទីតាំងឈរជើងរបស់កងទ័ពអ៊ុយក្រែននៅទីក្រុង Kursk គឺ “កាន់តែរឹងមាំ” ហើយ “ឥឡូវនេះយើងកំពុងពង្រឹងកម្លាំងរបស់យើង” ។

វាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយសមត្ថភាពដឹកជញ្ជូនរបស់កងកម្លាំងរុស្សីយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថាពួកគេបានបំផ្ទុះស្ពានមួយទៀតឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ Kursk ។

លោក Mykolaiv Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “កងទ័ពអាកាសនៅតែបន្តវាយប្រហារលើកម្លាំងសត្រូវដើម្បីកាត់បន្ថយសមត្ថភាពដឹកជញ្ជូនរបស់ពួកគេ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ុក្កែតរបស់លោកខាងលិចនៅក្នុងការវាយប្រហារនេះ ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក។

ក្រុមអ្នកតាមដានស្ថានការណ៏សឹករបស់អ៊ុយក្រែន DeepState បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុង Kyiv កំពុងបន្តវាយកាន់កាប់បន្ថែមទៀតដោយបានចែករំលែករូបភាពវីដេអូដែលកំណត់ទីតាំងភូមិសាស្ត្រដោយទីភ្នាក់ងារ CNN ផងដែរដែលគេបានឃើញរថក្រោះរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងភូមិ Olgovka ដែលមានទីតាំងប្រហែល ២០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Sudzha ។
កងកម្លាំងរបស់ទីក្រុង Kyiv បានកាន់កាប់ទីក្រុង Sudzha បន្ទាប់ពីបានបើកការលុកលុយឆ្លងព្រំដែនកាលពីដើមខែនេះ ហើយបានបង្កើតការិយាល័យមេបញ្ជាការយោធានៅទីនោះ។

យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានគ្រប់គ្រងលើទឹកដីរុស្ស៊ីជាង ១,០០០ គីឡូម៉ែត្រក្រឡាហើយកំពុងបន្តវាយលុកទៅកាន់ភាគនិរតី។
កាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ុយក្រែនបានចេញវីដេអូមួយដែលពួកគេបាននិយាយថាជាការបំផ្ទុះ គ្រាប់បែក”Sivalka”នៅក្នុងប្រតិបត្តិការវាយរុលទៅកាន់ក្រុង Kursk ។

រុស្ស៊ីបានជម្លៀសពលរដ្ឋស៊ីវិលចេញពីតំបន់ដែលមានការប្រយុទ្ធគ្នា។ អភិបាលស្រុក Korenevsky នៃតំបន់ Kursk Marina Degtyareva បានអំពាវនាវដល់អ្នកស្រុកដែលបានចាកចេញពីតំបន់នេះកុំឲ្យត្រឡប់មកវិញ។
Degtyareva បាននិយាយថា “ខ្ញុំអំពាវនាវដល់អ្នកស្រុកទាំងអស់នៃស្រុក Korenevsky សូឲ្យមានការអត់ធ្មត់ដើម្បីអនុញ្ញាតឲ្យយោធារបស់យើងប្រតិបត្តិការកំចាត់សត្រូវដែលជ្រៀតចូលទឹកដ៊ីយើងដោយបន្ថែមថាអាជ្ញាធរនឹងប្រាប់អ្នកស្រុកឲ្យដឹងថានៅពេលណាដែលអាចត្រឡប់មកវិញបាន។

កងកម្លាំងរុស្ស៊ីនៅជាយក្រុង Pokrovsk ក្នុងតំបន់ Donetsក៏កំពុងបន្តការវាយកាន់កាប់ទឹកដីអ៊ុយក្រែននៅភាគខាងកើតដែលទីក្រុង Kyiv ស្ថិតនៅក្រោមសម្ពាធអស់ពេញមួយឆ្នាំ។

កងទ័ពរុស្ស៊ីបានវាយលុកទៅជិតដល់ទីក្រុង Pokrovsk ក្នុងតំបន់ Donetsk ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់យោធាអ៊ុយក្រែន ដោយសារតែវាងាយស្រួលចូលទៅកាន់ទីក្រុង Kostiantynivka ដែលជាមជ្ឈមណ្ឌលយោធាមួយផ្សេងទៀត។ អ៊ុយក្រែនប្រើផ្លូវតភ្ជាប់ផ្លូវទាំងពីរដើម្បីផ្គត់ផ្គង់ខ្សែជួរមុខនិងជម្លៀសអ្នកស្លាប់និងរបួស។

“ទ័ពរុស្សីបានរុលទៅមុខនៅសល់តែ ១១ គីឡូម៉ែត្រទៀតនិងអាចចាប់យកក្រុងទាំងមូល។ អភិបាលក្រុង Pokrovsk លោក Serhii Dobriak បាននិយាយកាលពីថ្ងៃអាទិត្យថាកំពុងត្រៀមខ្លួនរួចរាល់ហើយ។
“ទីក្រុងនីមួយៗនៅក្នុងតំបន់ Donetsk មានអង្គភាពប្រយុទ្ធដែលត្រូវបានចាត់តាំងផែនការការពារដែលត្រូវបានបង្កើតឡើង។ យើងកំពុងធ្វើការជាមួយយោធាដើម្បីកសាងបន្ទាយ នេះគឺជាដំណើរការបន្ត“។

លោកបាននិយាយថា ការជម្លៀសជនស៊ីវិលចេញពីទីក្រុង Pokrovsk ត្រូវបានពន្លឿន ដោយសារការខិតជិតមកដល់របស់ទ័ពរុស្ស៊ី។ មនុស្សជិត ១,៨០០ត្រូវបានជម្លៀសចេញពីទីក្រុងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះរហូតមកដល់ពេលថ្មីៗនេះ អ្នកស្រុកចំនួន ៤៥០ទៅ៥០០ ត្រូវបានជម្លៀសចេញជារៀងរាល់ថ្ងៃ។

លោក Dobriak បាននិយាយថា “ទ័ពរុស្ស៊ីកំពុងបំផ្លាញទីក្រុង និងភូមិរបស់យើង ដោយសម្លាប់ជនស៊ីវិល ដូច្នេះយើងត្រូវគិតអំពីសុវត្ថិភាពជនស៊ីវិល” ។ “បច្ចុប្បន្ន ទីក្រុងនេះកំពុងរងការវាយប្រហារដោយកាំជ្រួច MLRS ហើយមានការវាយប្រហារដោយគ្រាប់បែកតាមអាកាសជាច្រើនដង”។

បច្ចុប្បន្នសេវាកម្មទាំងអស់កំពុងដំណើរការនៅក្នុងសហគមន៍ រួមទាំងហាង ទីផ្សារកសិករ ឱសថស្ថាន ធនាគារ និងម៉ាស៊ីនអេធីអឹម។ លោក Dobriak បាននិយាយថា តុលាការ និងមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលក៏បើកផងដែរ។

អ្នកស្រីIryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន (រូបឯកសារ)

អ្នកស្រីIryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានជំរុញឲ្យអ្នកស្រុក Pokrovsk ចេញទៅតាំងទីលំនៅផ្សេងទៀត “ខ្ញុំក៏យល់ថាពួកគេអាចប្រឈមមុខនឹងការលំបាក និងភាពមិនច្បាស់លាស់ក្នុងអំឡុងពេលជម្លៀសចេញ។
អគ្គសេនាធិការយោធាអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏កំពុងបន្តនៅជុំវិញភូមិ Pivnichne និង Zalizne ក្នុងតំបន់ Donetsk ដែលស្ថិតនៅចម្ងាយប្រហែល ៤០ ម៉ាយភាគខាងកើតនៃទីក្រុង Pokrovsk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានចាប់ផ្តើម “ការវាយលុកដ៏ធំមួយ” នៅព្រឹកថ្ងៃអាទិត្យ។

អគ្គសេនាធិការបាននិយាយថា “ទាហានរុស្ស៊ី ដែលគាំទ្រដោយរថពាសដែកចំនួន ១២ គ្រឿង បានព្យាយាមវាយទម្លុះទីតាំងយោធាអ៊ុយក្រែន ហើយឆ្ពោះទៅកាន់ទីក្រុង Toretsk” ដោយសំដៅទៅទីក្រុងយុទ្ធសាស្ត្រមួយទៀតដែលអាចបើកផ្លូវសម្រាប់កងកម្លាំងរុស្ស៊ីឆ្ពោះទៅកាន់ទីក្រុង Kostiantynivka ។ , Kramatorsk និង Sloviansk ។

ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលមួយសប្តាហ៍នេះ រុស្ស៊ីបានប្រើប្រាស់មីស៊ីលជាង ៤០ ប្រភេទ គ្រាប់បែកវាយប្រហារតាមអាកាសចំនួន ៧៥០ គ្រាប់ និង គ្រាប់បែកUAVs ចំនួន ២០០ ប្រភេទផ្សេងគ្នា។
“ចំពោះអំពើភេរវកម្មបែបនេះរុស្សីត្រូវតែទទួលខុសត្រូវនៅចំពោះមុខតុលាការអន្តរជាតិជាប្រវត្តិសាស្ត្រ។
នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់គាត់កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថាយោធាអ៊ុយក្រែន “កំពុងធ្វើអ្វីគ្រប់យ៉ាងនៅចំពេលដែលមានការវាយប្រហាររាប់សិបលើកនៅលើជួរមុខក្នុងតំបន់ Donetsk ទាំងមូល។

“ហើយទាំងអស់នេះគឺលើសពីសមត្ថភាពការពារសម្រាប់អ៊ុយក្រែន។ ឥឡូវនេះ វាជាភារកិច្ចចម្បងរបស់យើងនៅក្នុងប្រតិបត្តិការការពារជារួមដើម្បីបំផ្លាញសម្ថភាពដ៏មានសក្ដានុពលរបស់ទាហានរុស្ស៊ីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងបន្តសកម្មភាពវាយបកឲ្យបានខ្លាំង។
លោកបានបន្ថែមថា “យើងនិងខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយសម្ថភាពដ៏មានសក្ដានុពលរបស់កងទ័ពរុស្ស៊ី ដើម្បីបង្ខំឲ្យរដ្ឋរុស្ស៊ី ប្រឈមនិងសភាពការណ៏ដ៏ស្មុគស្មាញនិងច្របូកច្របល់ផ្នែកយោធា-ឧស្សាហកម្ម និងសេដ្ឋកិច្ចដើម្បីឈានទៅបញ្ចប់ការឈ្លានពាននិងកសាងសន្តិភាពសម្រាប់អ៊ុយក្រែន” ឡើងវិញ។

អគ្គមេបញ្ជាការរងអ៊ុយក្រែន លោក Syrskyi បានប្រាប់ Zelensky ថា “គាត់បានអំពាវនាវឲ្យសម្ព័ន្ធមិត្តផ្តល់ការផ្គត់ផ្គង់ផ្នែកយោធាឲ្យបានលឿនជាងមុន៕