ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកស្រីជ័យ ណារី អ៊ុរាត្រី អនុប្រធានកត្តិយស សហការជាមួយមន្ទីរសង្គមកិច្ចខេត្តនិងអាជ្ញាធរខេត្តដឹកនាំដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខអ្នកជំងឺដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស និងនិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។
សូមរំលឹកថា ស្ត្រីដែលរងគ្រោះដោយផ្ទុះធុងហ្គាស កាលពីថ្ងៃទី០៣ខែសីហា នេះ មានឈ្មោះ ហួន សារ៉ែន អាយុ៣៧ឆ្នាំ កំពុងមានផ្ទៃពោះ ៦ខែ រងរបួសធ្ងន់ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង ប្អូនស្រី បួន ចន្ធូ ភេទស្រី អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី ២ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យជាតិមានជ័យ មានទីលំនៅ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសស្រាល ៕